ក្រសួងការងារសម្របសម្រួលបញ្ចប់ករណីរោងចក្រលានហ្វា និងប៉ូលស្តា កម្មករចូលធ្វើការវិញនៅថ្ងៃទី៩ ខែកញ្ញា
AKP ភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦--ក្រោមការសម្របសម្រួលយ៉ាងសកម្ម និងទាន់ពេលវេលារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធ ករណីវិវាទការងារនៅរោងចក្រលានហ្វា និងប៉ូលស្តា ស្ថិតក្នុងឃុំស្នាម ព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានដោះស្រាយបញ្ចប់ដោយសន្តិវិធី នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។

ជាលទ្ធផល ប្រធានរដ្ឋបាលដែលបានប្រើពាក្យសម្ដីមិនសមរម្យចំពោះកម្មករបានដាក់ពាក្យលាលែង ខណៈកម្មករ-កម្មការិនីបានឯកភាពចូលធ្វើការវិញជាធម្មតា ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន ក្រសួងបានចាត់ក្រុមការងារចុះអន្តរាគមន៍ និងសម្របសម្រួលភ្លាមៗ រហូតភាគីពាក់ព័ន្ធឯកភាពទទួលយកដំណោះស្រាយ។ ក្រសួងសូមអរគុណកម្មករ-កម្មការិនី និយោជក និងអាជ្ញាធរពាក់ព័ន្ធ ដែលបានចូលរួមដោះស្រាយបញ្ហាដោយ សន្តិវិធី ដើម្បីការពារសិទ្ធិស្របច្បាប់ និងរក្សាភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ៕

ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





