កម្ពុជា និងកូរ៉េខាងជើង ប្តេជ្ញាពង្រឹងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការយូរអង្វែង
AKP ភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦--កម្ពុជា និងកូរ៉េខាងជើងបានបញ្ជាក់ជាថ្មីពីមិត្តភាពដ៏យូរអង្វែង និងប្តេជ្ញាបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ ខណៈកូរ៉េខាងជើងប្រារព្ធខួបលើកទី៧៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។

ការបញ្ជាក់ជាថ្មីអំពីមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី៧៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) ដែលរៀបចំឡើងដោយស្ថានទូតកូរ៉េខាងជើងប្រចាំព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការយាងចូលរួមពីព្រះរាជវង្សានុវង្ស និងការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល សមាជិកអង្គទូត ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

លោក ប៉ាក់ ឆុល ជុន (Pak Chol Jun) ភារធារីស្តីទីនៃស្ថានទូតកូរ៉េខាងជើង បានលើកឡើងពីមូលដ្ឋានប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងជើង ដោយបញ្ជាក់ថា មិត្តភាពរវាងប្រទេសទាំងពីរត្រូវបានកសាងឡើងតាមរយៈទំនាក់ទំនងដ៏ជិតស្និទ្ធរវាងស្ថាបនិកសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ អតីតប្រធានាធិបតី គីម អ៊ីល ស៊ុង និងព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

លោកបានលើកឡើងថា មិត្តភាពរវាងប្រទេសទាំងពីរ ដែលមានឫសគល់យ៉ាងរឹងមាំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងមេដឹកនាំជំនាន់មុននៃប្រទេសទាំងពីរ បានអភិវឌ្ឍយ៉ាងល្អប្រសើរអស់រយៈពេលជាង ៦ ទសវត្សរ៍មកហើយ។
លោក ប៉ាក់ ឆុល ជុន បានបញ្ជាក់ថា កូរ៉េខាងជើងនឹងបន្តថែរក្សាទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងមិត្តភាពប្រពៃណីជាមួយកម្ពុជា ព្រមទាំងខិតខំពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយលើគ្រប់វិស័យ។

លោកក៏បានលើកឡើងថា កូរ៉េខាងជើងនឹងបន្តអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយបណ្តាប្រទេសដែលគោរពអធិបតេយ្យភាពរបស់ខ្លួន និងគាំទ្រសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។
ជាមួយគ្នានេះ លោកបានរំលេចអំពីការអភិវឌ្ឍផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់កូរ៉េខាងជើង ក្រោមការដឹកនាំរបស់លោក គីម អ៊ីល ស៊ុង លោក គីម ជុង អ៊ីល និងលោក គីម ជុង អ៊ុន ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះក្នុងការពង្រឹងសមត្ថភាពការពារជាតិ។
លោកបានឱ្យដឹងថា កូរ៉េខាងជើងកំពុងសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ក្នុងការអនុវត្តភារកិច្ចដែលបានអនុម័តក្នុងមហាសន្និបាតលើកទី៩ នៃគណបក្សពលករកូរ៉េ ដែលបានប្រព្រឹត្តទៅកាលពីខែកុម្ភៈកន្លងទៅ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងការអបអរសាទរចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងជើង ក្នុងឱកាសខួបលើកទី៧៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជា និងកូរ៉េខាងជើងបានរក្សាទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពប្រពៃណី ដែលមានឫសគល់យ៉ាងជ្រៅពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ និងអតីតសេនាប្រមុខ គីម អ៊ីល ស៊ុង។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េខាងជើងត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៦៤ ហើយនៅឆ្នាំ២០២៤ ប្រទេសទាំងពីរបានប្រារព្ធខួបលើកទី៦០ នៃទំនាក់ទំនងការទូត តាមរយៈការផ្លាស់ប្តូរសារអបអរសាទររវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។
ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា៖ «សម្លឹងឆ្ពោះទៅអនាគត ខ្ញុំមានទំនុកចិត្តថា ទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងកម្ពុជា និងកូរ៉េខាងជើង នឹងត្រូវបានពង្រឹង និងលើកកម្ពស់បន្ថែមទៀត ដើម្បីជាប្រយោជន៍ទៅវិញទៅមកដល់ប្រជាជននៃប្រទេសទាំងពីរ»។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ បានក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រជាជន និងប្រជាជន។

ពិធីទទួលភ្ញៀវកាលពីល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានបញ្ចប់ដោយការជូនពរ និងអបអរសាទរចំពោះសុខភាព និងអាយុយឺនយូររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំងជូនពរឱ្យមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងជើងកាន់តែរីកចម្រើន និងរឹងមាំ ព្រមទាំងជូនពរប្រជាជននៃប្រទេសទាំងពីរទទួលបានសុភមង្គល និងវិបុលភាពជានិច្ច។
សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៤៨ ហើយថ្ងៃទី៩ ខែកញ្ញា ត្រូវបានប្រារព្ធជាទិវាបុណ្យជាតិរបស់កូរ៉េខាងជើងជារៀងរាល់ឆ្នាំ៕
ដោយ៖ គង់ សិរីរ័ត្ន





