ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ខិតខំលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ -- ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណស៊ី មានវិសាលភាពធំទូលាយក្នុងការពង្រីកពាណិជ្ជកម្មទ្វេភាគីលើសពី១១៤ពាន់លានរីងហ្គីត (២៨ពាន់លានដុល្លារអាម៉េរិក) ដែលត្រូវបានកត់ត្រាកាលពីឆ្នាំមុន តាមរយៈការជំរុញការសម្របសម្រួលពាណិជ្ជកម្ម និងការកែលម្អចលនាទំនិញឆ្លងដែន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោកដាទុក សេរី ចូហារី អាប់ឌុល ហ្កានី បាននិយាយថា ការសម្របសម្រួលពាណិជ្ជកម្មកាន់តែប្រសើរឡើង អាចបង្កើនបរិមាណប្រតិបត្តិការយ៉ាងច្រើនដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែនដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលសកម្មភាពសេដ្ឋកិច្ច។
លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Bernama របស់ម៉ាឡេស៊ីបន្ទាប់ពីបានជួបជាមួយសមភាគីឥណ្ឌូណេស៊ី លោក ប៊ូឌី សាន់តូសូ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្ម និងវិនិយោគរួមម៉ាឡេស៊ី-ឥណ្ឌូណេស៊ី(JTIC) លើកទីបួន កាលពីពេលថ្មីៗនេះថា «អ្វីដែលសំខាន់នោះគឺថាយើងអាចបង្កើនបរិមាណប្រតិបត្តិការទ្វេដង បីដង ឬបួនដង ប្រសិនបើប្រទេសទាំងពីរអាចពង្រឹងការសម្របសម្រួលពាណិជ្ជកម្ម»។
ក្នុងអំឡុងពេលសេចក្តីថ្លែងការណ៍សារព័ត៌មានរួមគ្នាជាមួយលោក ប៊ូឌីបន្ទាប់ពីកិច្ចប្រជុំនោះ លោក ចូហារី បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែន គឺជាផ្នែកសំខាន់ដែលត្រូវបានពិភាក្សា រួមជាមួយនឹងគោលនយោបាយនាំចេញរបស់ឥណ្ឌូណេស៊ី កិច្ចសហប្រតិបត្តិការវិនិយោគតម្រូវការស្តង់ដារ និងកិច្ចសហប្រតិបត្តិការហាឡាល។ លោកបានមានប្រសាសន៍ថា ក្រុមបច្ចេកទេសមកពីប្រទេសទាំងពីរកំពុងធ្វើការលើបញ្ហានេះ។
ប្រទេសទាំងពីរក៏កំពុងខិតជិតដល់ការបើកពាណិជ្ជកម្មឡើងវិញតាមរយៈផ្លូវព្រំដែន Tebedu - Entikong ផងដែរ ដោយបញ្ហារដ្ឋបាលដែលនៅសេសសល់ត្រូវបានគេរំពឹងថានឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗនេះ៕





