រដ្ឋមន្ត្រីការបរទេសឥណ្ឌា បំពេញទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេស
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ -- យោងតាមក្រសួងការបរទេសអ៊ុយក្រែន បានឱ្យដឹងថា លោក ស៊ូប្រាម៉ានីយ៉ាម ចៃស្សាន់ការ រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានធ្វើដំណើរទស្សនកិច្ចទ្វេភាគីដាច់ដោយឡែកជាលើកដំបូងរបស់លោកទៅកាន់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ចៃស្សាន់ការ បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក អេនឌ្រី ស៊ីប៊ីហា នៅទីក្រុងគៀវ ដោយអ្នកទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងសន្តិភាពអន្តរជាតិ សន្តិសុខសមុទ្រខ្មៅ និងចំណងមិត្តភាពទ្វេភាគី។
លោក ស៊ីប៊ីហា បានជម្រាបជូនលោក ចៃស្សាន់ការ អំពីអ្វីដែលលោកបានពិពណ៌នាថា ជា «ការកើនឡើងនៃការវាយប្រហាររបស់រុស្ស៊ី»រួមទាំងការវាយប្រហារដែលពាក់ព័ន្ធនឹងនាវា កំពង់ផែអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ។
រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នាអំពីដំណើរការសន្តិភាព និងលទ្ធភាពនៃការចូលរួមរបស់ឥណ្ឌាកាន់តែច្រើននៅក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីបញ្ចប់ជម្លោះ។
លោក ស៊ីប៊ីហា បាននិយាយថា «លោកនាយករដ្ឋមន្ត្រី ម៉ូឌី កាលពីពេលថ្មីៗនេះ បាននិយាយនៅចំពោះមុខលោក ពូទីន ថា ដល់ពេលដែលត្រូវបញ្ចប់សង្គ្រាមដែលគ្មានទីបញ្ចប់នោះហើយ។ យើងគាំទ្រចំពោះគោលជំហរនេះ។ អ៊ុយក្រែនបានត្រៀមខ្លួនរួចរាល់ហើយដើម្បីបញ្ចប់សង្គ្រាម ហើយមានសំណើជាក់ស្តែង។ ដល់ពេលត្រូវឈានទៅរកការទូតហើយ»។
ទន្ទឹមនឹងនេះ ឥណ្ឌាបានបញ្ជាក់សារជាថ្មីនូវការអំពាវនាវរបស់ខ្លួនសម្រាប់ដំណោះស្រាយការទូតចំពោះជម្លោះ។
ឯកអគ្គរដ្ឋទូតឥណ្ឌាបានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំនោះថា «ដំណោះស្រាយនឹងមិនលេចចេញពីសមរភូមិទេ» ដោយលោកបានបន្ថែមថា វាគឺសម្រាប់ភាគីពាក់ព័ន្ធក្នុងការស្វែងរកមធ្យោបាយដើម្បីបញ្ចប់សង្គ្រាម។
លោកឯកអគ្គរដ្ឋទូតបាននិយាយថា «ប្រសិនបើឥណ្ឌាអាចជួយបានតាមមធ្យោបាយណាមួយ យើងបានត្រៀមខ្លួនរួចរាល់ហើយ»។
លោកឯកអគ្គរដ្ឋទូតក៏បាននិយាយផងដែរថា ជនជាតិឥណ្ឌាម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយនៅទីក្រុងគៀវកាលពីពីរថ្ងៃមុន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





