រដ្ឋមន្ត្រី៣ក្រសួងអញ្ជើញដឹកនាំបើកកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្ដីពីកសិកម្មទឹកជនបទ
AKP ភ្នំពេញ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយនិងសកម្មភាពពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ នៅសាលប្រជុំនៃទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦។

កិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៧ មានវត្តមានចូលរួមពីប្រតិភូក្រុមការងារអន្ដរក្រសួង លេខាធិការដ្ឋាន និងមន្ដ្រីជំនាញនៃក្រសួងទាំង៣ ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍ និងដៃគូអភិវឌ្ឍន៍ដែលរួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារពិភពលោក (WB) និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)។

កិច្ចប្រជុំលើកទី៧នេះត្រូវបានធ្វើឡើងដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើរបៀបវារៈសំខាន់ចំនួនពីរគឺ៖ ទី១-ពិនិត្យលើវឌ្ឍនភាព និងលទ្ធផលការងារសម្រេចបានចុងក្រោយនៅតាមបណ្តាសហគមន៍ដែលទទួលបានការគាំទ្រត្រី-វិស័យ ហើយនឹងត្រូវបញ្ចប់កិច្ចអន្តរាគមន៍ត្រី-វិស័យក្នុងឆ្នាំ២០២៦ និងទី២-ពិនិត្យ ពិភាក្សា និងសម្រេចជាគោលការណ៍លើសមាសភាពសហគមន៍ដែលត្រូវជ្រើសរើសបន្ថែមសម្រាប់កិច្ចអន្តរាគមន៍ត្រី-វិស័យនៅក្នុងឆ្នាំ២០២៦-២០២៧ និង២០២៨ ព្រមទាំងដំណោះស្រាយថវិកា៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





