ក្រសួងសាធារណការ ដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថលចំនួន ៣
AKP ភ្នំពេញ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦--ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថលចំនួន ៣ របស់ក្រសួង រួមមាន ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះតាមធនាគារដៃគូ ការស្នើសុំវិក្កយបត្រឌីជីថល និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម។

អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថលចំនួន៣ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការដាក់ឱ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មទាំងអស់នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើទំនើបកម្មសេវាសាធារណៈ កែលម្អប្រសិទ្ធភាពប្រតិបត្តិការ និងជាពិសេសបង្កើនភាពងាយស្រួល ក្នុងការទទួល និងបង្ខិតសេវាទៅកៀកបងប្អូនប្រជាពលរដ្ឋ និងវិស័យឯកជន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេសគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងសហការគ្នា យ៉ាងជិតស្និទ្ធ និងបំពេញការងារដោយការទទួលខុសត្រូវខ្ពស់ រហូតអាចបង្កើត និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មីៗទាំងនេះ។
ពិតណាស់ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និង ច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមាន បាវចនា ចំនួន៥ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងមានអាទិភាព គន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គម កម្ពុជា ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជា ប្រទេសមានចំណូលខ្ពស់។

ជាងនេះទៀត រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល កម្ពុជា ឆ្នាំ២០២២-២០៣៥ ជាពិសេសនៅក្នុងយុទ្ធសាស្ត្រទី៦ ផ្តោតលើការធ្វើបរិវត្តកម្ម រដ្ឋាភិបាលឌីជីថលនិងសេវាសាធារណៈ ដើម្បីជំរុញ និងពន្លឿនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សំដៅលើកកម្ពស់ទំនុកចិត្តប្រជាពលរដ្ឋ ធានាអភិបាលកិច្ចល្អ និងបម្រើសេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរ។
ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧នេះ ក្រសួងបានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួន២ រួមមាន៖ ១)ការលើក កម្ពស់សេវាគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល ក្នុងការគ្រប់គ្រង និងការផ្តល់សេវាប្រកបដោយភាព លឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង ២)ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្លឹក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន។
បើតាម ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រព័ន្ធស្វ័យប្រវត្តិកម្មទាំង ៣ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ សុទ្ធតែមានគោលបំណងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងការងាររបស់ក្រសួង ដែលរួមមាន៖
ទី១.ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះតាមធនាគារ ដៃគូ គឺជាការបន្តពង្រីក និងធ្វើទំនើបកម្មសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ របស់ក្រសួង។ ក្រសួងបានដាក់ឱ្យដំណើរការប្រព័ន្ធនេះ តាមប្រព័ន្ធអនឡាញ តាំងពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដែលបានអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះតាមប្រព័ន្ធអនឡាញដោយខ្លួនឯង ឬទទួលបានការសម្រប សម្រួលពីមន្ត្រីជំនាញនៅទីតាំងផ្តល់សេវារបស់ក្រសួង។
បច្ចុប្បន្ន ក្រសួងបានបន្តសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ ដើម្បី បន្ថែមជម្រើសសម្រាប់ប្រជាពលរដ្ឋក្នុងការស្នើសុំបន្តសុពលភាពឆៀក តាមរយៈកម្មវិធី ទូរសព្ទដៃរបស់ធនាគារ រួមមានធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA) ធនាគារអេស៊ីលីដា ភីអិលស៊ី និងធនាគារ កាណាឌីយ៉ា។បងប្អូនប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំតាមរយៈកម្មវិធីទូរសព្ទដៃ ឬបញ្ជាររបស់ ធនាគារទាំង៣ខាងលើ។
នេះជាជម្រើសបន្ថែមដែលនឹងជួយកាត់បន្ថយពេលវេលា និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងជួយសម្រួលដល់ការដាក់ពាក្យ និងការទូទាត់កម្រៃ សេវាឱ្យកាន់តែងាយស្រួល និងមានភាពបត់បែន។ ទន្ទឹមនឹងនេះ ក៏ជួយកាត់បន្ថយការកកស្ទះ នៅទីតាំងផ្តល់សេវា ពង្រឹងតម្លាភាព និងជំរុញឱ្យប្រជាពលរដ្ឋបន្តអនុវត្តការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះបានទៀងទាត់ ដែលជាផ្នែកមួយនៃការចូលរួមលើកកម្ពស់ សុវត្ថិភាពចរាចរណ៍ និងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
ទី២. ការស្នើសុំវិក្កយបត្រឌីជីថល គឺជាផ្នែកមួយនៃការធ្វើបរិវត្តកម្មឌីជីថលរបស់ ក្រសួង ដើម្បីធ្វើឱ្យការផ្តល់ និងទូទាត់សេវាសាធារណៈកាន់តែងាយស្រួល រហ័ស តម្លាភាព និងមានប្រសិទ្ធភាព។ ប្រព័ន្ធនេះអនុញ្ញាតឱ្យមន្ត្រីបង្កើតវិក្កយបត្រឌីជីថលដោយស្វ័យប្រវត្តិ និងឱ្យប្រជាពលរដ្ឋអាចទូទាត់កម្រៃសេវាតាមប្រព័ន្ធធនាគារ និងសេវាទូទាត់អេឡិចត្រូនិក របស់ធនាគារដៃគូក្រសួងទាំង១៨។

ទី៣. ការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម គឺជាប្រព័ន្ធគ្រប់គ្រង ឌីជីថលសម្រាប់ការចុះបញ្ជី និងផ្តល់អាជ្ញាបណ្ណអាជីវកម្មសម្រាប់អង្គភាពរដ្ឋ និងក្រុមហ៊ុន ឯកជន ដែលប្រកបអាជីវកម្មលើវិស័យសាងសង់ ថែទាំ និងផ្តល់សេវាបច្ចេកទេសពាក់ព័ន្ធ នឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលប្រព័ន្ធនេះបានផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន ការអភិវឌ្ឍសេវាឌីជីថលខាងលើ គឺ ជាផ្នែកមួយនៃការធ្វើទំនើបកម្មការងារ និងការកែលម្អការផ្តល់សេវាជូនប្រជាពលរដ្ឋ និង វិស័យឯកជន។ ដូច្នេះ ក្រសួងនឹងបន្តជំរុញការអភិវឌ្ឍ និងការតភ្ជាប់ប្រព័ន្ធឌីជីថល ដោយ យកចិត្តទុកដាក់លើសុវត្ថិភាពទិន្នន័យ ស្ថិរភាពប្រព័ន្ធ ភាពងាយស្រួលក្នុងការប្រើប្រាស់ និងការអភិវឌ្ឍសមត្ថភាពឌីជីថលរបស់មន្ត្រី ដើម្បីធានាថាបច្ចេកវិទ្យាដែលបានអភិវឌ្ឍន៍ អាចបង្កើតប្រយោជន៍ជាក់ស្តែង និងមាននិរន្តរភាព៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ សួស សាវី





