រដ្ឋបាលខេត្តកណ្ដាល បើកវគ្គបណ្តុះបណ្តាលស្តីពី ការទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារ លើប្រព័ន្ធអនឡាញ
AKP កណ្ដាល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦–រដ្ឋបាលខេត្តកណ្ដាល សហការជាមួយអង្គការសកម្មភាពដើម្បីកុមារ (APLE) នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី“ការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ច និងរំលោភបំពាន ផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ” ក្រោមអធិបតីភាពលោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល លោកស្រី នួន នារតី ប្រធានគណៈកម្មាធិកាកិច្ចការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្ត និងលោក ណេង វណ្ណៈ តំណាងអង្គការសកម្មភាពដើម្បីកុមារ (APLE) ដោយបានការអញ្ជើញចូលរួមពី លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត និងអាជ្ញាធរក្រុង-ស្រុកទាំង១៣ផងដែរ។

លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីជួយពង្រឹងសមត្ថភាពដល់មន្ត្រីមូលដ្ឋានឱ្យបានយល់ច្បាស់អំពីការងារបង្ការទប់ស្កាត់ និងរំលោភបំពាន ផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ វគ្គបណ្ដុះបណ្ដាលនេះដែរបានចែករំលែកនូវបទពិសោធន៍ ការយល់ដឹង ជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តតួនាទី និងភារកិច្ចយើងបន្តក្នុងការបត់បែនទៅតាមស្ថានភាពជាក់ស្ដែងក្នុងមូលដ្ឋាននីមួយៗរបស់យើងឱ្យកាន់តែល្អប្រសើបន្ថែមទៀត។ អំពើកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញបានក្លាយជាបញ្ហាសកល និងនៅក្នុងប្រទេសកម្ពុជា វាក៏បានក្លាយជាក្ដីបារម្ភថ្មីមួយទៀតដែលទាមទារអោយភាគីគ្រប់ភាគីពាក់ព័ន្ធទាំងសាធារណជន អាណាព្យាបាល អាជ្ញាធរ សង្គមស៊ីវិល មន្ត្រីអនុវត្តច្បាប់ ចាំបាច់ធ្វើការរួមគ្នាដើម្បីបង្ការទប់ស្កាត់ និងការពារកុមារពីអំពើកេង ប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ តំណភ្ជាប់អ៊ីនធឺណិតនៅកម្ពុជាបានកើនឡើងជាលំដាប់ ហើយ មនុស្សកាន់តែច្រើនឡើងៗរួមទាំងកុមារមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ជម្រុញដល់អាជ្ញាធរមូលដ្ឋានត្រូវចុះផ្សព្វផ្សាយ អំពីការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ច និងរំលោភបំពាន ផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ តាមបណ្ដាសាលារៀន ដល់សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យមានការយល់ដឹងកាន់តែទូលំទូលាយ។

លោក ណេង វណ្ណៈ តំណាងអង្គការសកម្មភាពដើម្បីកុមារ (APLE) បានជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្ដីពី “ការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ច និងរំលោភបំពាន ផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ” ក្នុងគោលបំណងបង្កើនចំណេះដឹង និងជំនាញលើការងារបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ កាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព សម្រាប់អ្នកធ្វើការងារពាក់ព័ន្ធនឹងសេវា សង្គមកិច្ច និងកិច្ចការពារកុមារ ៕


ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





