ក្រុមវិស្វករ និងក្រុមជាងសំណង់១៦៥នាក់កំពុងសាងសង់ អន្តេវាសិកដ្ឋានស្ត្រីបានទទួលអំណោយពីសម្ដេចម៉ែន សំអន
AKP ភ្នំពេញ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦--សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមវិស្វករ និងជាងសាងសង់អន្តេវាសិកដ្ឋានស្ត្រី ដែលជាអំណោយរបស់ សម្តេចតេ ជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែ ន សម្រាប់និស្សិតក្រីក្រដែលមកសិក្សានៅរាជធានីភ្នំពេញ ស្ថិតក្នុងខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធទី២ ខែកញ្ញា ឆ្នាំ២០២៦។

លោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា៖ ការងារសាងសង់អន្តេវាសិកដ្ឋានស្ត្រីនេះ គឺសម្រេចបាន៧០% ជាមួយនឹងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង កម្មវិធីបណ្តុះបណ្តាលបន្ថែម និងការត្រៀមជ្រើសរើសនិស្សិតនារីក្រីក្រ រួមមាន គោល ដៅដូចជា៖ គ្រួសារខ្វះខាត ជនមានពិការភាព កូនកំព្រា គ្រួសារវីរៈកងកម្លាំងទាំងបីប្រភេទ កូនគ្រួសារជនភៀសសឹក ជនជាតិភាគតិច និងជនជាតិដើមភាគតិច ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកប ដោយក្តីនឹករលឹក និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនក្រុមវិស្វករ និងកម្មករការដ្ឋានទាំងអស់គ្នា។ អន្តេវាសិកដ្ឋានស្ត្រីដ៏ទំនើប និងមានសារៈសំខាន់នេះ នឹងក្លាយទៅជាកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ផ្តល់ផាសុកភាព ជូនដល់និស្សិតក្រីក្រ ដែលមកពីតាមបណ្តាខេត្តឆ្ងាយៗ ដើម្បីបន្តការសិក្សានៅកម្រិតឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ។

អន្តេវាសិកដ្ឋាននេះមិនត្រឹមតែជួយសម្រាលបន្ទុកជីវភាពរបស់គ្រួសារស្ត្រី ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការឆ្លើយតបយ៉ាងប្រកបដោយប្រសិទ្ធភាពទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាពិសេសគឺបញ្ចកោណទី១ «ការអភិវឌ្ឍធនធានមនុស្ស» និងស្នូលនៃមុំទី២ «ការបណ្តុះ បណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ» និងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សមភាពយេនឌ័រ កាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សស្រី និងបើកទ្វារឱកាសមាសសម្រាប់ស្ត្រីក្នុងការទទួលបានការអប់រំកម្រិតខ្ពស់ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំរបស់ជាតិ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាននាំយកនូវអំណោយ មកចែកជូនដល់អ្នកដែលបានចូលរួមចំនួន ១៦៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥០,០០០រៀល (ប្រាំម៉ឺនរៀល) អង្ករ ១០ គីឡូក្រាម មីជាតិ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១ យួរ និងក្រមា ១ ទឹកសុទ្ធ ១ដប នុំប័ង ១ដើម៕
ដោយ សួស សំរិត





