ក្រសួងសង្គមកិច្ចបើកវគ្គបណ្តុះបណ្តាលស្តីពី"មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគម្រោង"រយៈពេល២ថ្ងៃ
AKP ភ្នំពេញ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦--នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ចបានរៀបចំវគ្គបណ្តុះបណ្តាល"មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍គម្រោង"រយៈពេល២ថ្ងៃគឺពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពបើកកម្មវិធី ឯកឧត្តមបណ្ឌិត អុល រ៉ូ រដ្ឋលេខាធិការ ដែលមានការចូលរួមពីមន្ត្រីរាជការក្រសួងស.អ.យ. សរុបប្រមាណ ៧២ នាក់។

ឯកឧត្តមបណ្ឌិត អុល រ៉ូ បានលើកឡើងថា គោលបំណងជារួមនៃវគ្គបណ្ដុះបណ្ដាល គឺដើម្បីពង្រឹងចំណេះដឹង និងជំនាញរបស់មន្ត្រីរាជការក្រោមឱវាទក្រសួង ស.អ.យ. ពាក់ព័ន្ធនឹងដំណើរការរៀបចំគម្រោង ចាប់ពីការវិភាគបញ្ហា ការកំណត់គោលបំណង ការរៀបចំផែនការសកម្មភាព ការគណនាថវិកា ការកំណត់សូចនាករ ការតាមដាន និងវាយតម្លៃ រហូតដល់ការរៀបចំរបាយការណ៍លទ្ធផល។ ជំនាញទាំងនេះនឹងជួយឱ្យការអនុវត្តន៍គម្រោងរបស់ក្រសួងកាន់តែមានគុណភាព តម្លាភាព គណនេយ្យភាព និងឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ក្រុមគោលដៅ។

ឯកឧត្តម បណ្ឌិត បន្តថា សារសំខាន់នៃការអភិវឌ្ឍគម្រោង គឺស្ថិតនៅលើសមត្ថភាពក្នុងការប្រែក្លាយគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការរបស់ក្រសួងឱ្យទៅជាសកម្មភាពជាក់ស្តែងដែលអាចអនុវត្តបាន ៕

ដោយ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





