ស៊ែប៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុន Reliance Energy របស់ប្រទេសចិនសម្រាប់រោងចក្រផលិតអាគុយ
AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ -- រដ្ឋាភិបាលស៊ែប៊ី សាលាក្រុងអ៊ីនជីចា និងក្រុមហ៊ុនផលិតថ្មចិន Jiangsu Reliance Energy Tech បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌតម្លៃ ១០០,៥លានអឺរ៉ូ (១១៦,៥លានដុល្លារអាម៉េរិក) កាលពីថ្ងៃចន្ទ ដើម្បីសាងសង់រោងចក្រនៅក្រៅប្រទេសជាលើកដំបូងរបស់ក្រុមហ៊ុននៅភាគខាងជើងទីក្រុងអ៊ីនជីចា នៃប្រទេសស៊ែប៊ី។
រោងចក្រនេះនឹងត្រូវបានសាងសង់នៅក្នុងតំបន់បច្ចេកវិទ្យាខ្ពស់របស់ទីក្រុងអ៊ីនជីចា នឹងផលិតថ្មសម្រាប់យន្តហោះគ្មានមនុស្សបើក មនុស្សយន្ត យានយន្តគ្មានមនុស្សបើក ឧបករណ៍ថាមពលទំនើប និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅវិមាននៃប្រទេសស៊ែប៊ីក្នុងទីក្រុងបែលក្រាដដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចស៊ែប៊ី លោក អាដ្រីចាណា មេសារ៉ូវីក (Adrijana Mesarovic) អភិបាលក្រុង អ៊ីនជីចា លោក ម៉ាកូ ហ្គាស៊ីក (Marko Gasic) និងសហស្ថាបនិកក្រុមហ៊ុន Reliance និងជាប្រធានប្រតិបត្តិករ លោក ស៊ូ ហ្វេនឡាន (Xu Fenlan) ។
ប្រធានាធិបតីស៊ែប៊ី លោក អាឡិចសាន់ដឺ វូស៊ីក (Aleksandar Vucic) បានជួបជាមួយអ្នកតំណាងក្រុមហ៊ុនមុនពិធីចុះហត្ថលេខា ហើយបាននិយាយថា ការវិនិយោគនេះនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសស៊ែប៊ីក្នុងការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកសម្រាប់មនុស្សយន្ត យន្តហោះគ្មានមនុស្សបើក និងអាគុយ ដោយកាត់បន្ថយការពឹងផ្អែកលើសមាសធាតុនាំចូល។
លោក វូស៊ីក បាននិយាយថា «យើងសង្ឃឹមថានឹងសាងសង់រោងចក្រដ្រូនដ៏ធំបំផុតមួយនៅសហភាពអឺរ៉ុបក្នុងរយៈពេល ៦ខែ»។ លោកបាននិយាយថា រោងចក្រ Reliance នឹងរួមចំណែកដល់ការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាទំនើបទៅកាន់ប្រទេសស៊ែប៊ី និងជួយបង្កើតឱកាសការងារ។
ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Reliance លោកស្រី ចេន ស៊ូអាន (Chen Xuan) បាននិយាយថា រោងចក្រអ៊ីនជីចានឹងក្លាយជារោងចក្រនៅក្រៅប្រទេសដំបូងគេរបស់ក្រុមហ៊ុន ដោយលោកស្រីបានបន្ថែមថា ប្រទេសស៊ែប៊ីត្រូវបានជ្រើសរើសបន្ទាប់ពីក្រុមហ៊ុនបានចំណាយពេលជិត ៣ឆ្នាំដើម្បីពិចារណាទីតាំងនៅក្នុងប្រទេសជាង ១០នៅទូទាំងទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិក។
លោកស្រីបាននិយាយថា ការវិនិយោគនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារ និងគាំទ្រដល់ឧស្សាហកម្មពាក់ព័ន្ធនៅក្នុងប្រទេសស៊ែប៊ី៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





