ស្នងការនគរបាលខេត្តសៀមរាបណែនាំឱ្យកម្លាំងនគរបាលជំនាញទាំងអស់បន្តពង្រឹងការងារស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាប និងទប់ស្កាត់បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន
AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦--លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានណែនាំឱ្យកម្លាំងនគរបាលជំនាញទាំងអស់បន្តពង្រឹងការងារស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាប និងទប់ស្កាត់បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ជាពិសេសការជួញដូរ ចែកចាយ និងរក្សាទុកដោយខុសច្បាប់ ព្រមទាំងយកចិត្តទុកដាក់លើការស្រាវជ្រាវរកមុខសញ្ញាសកម្ម និងបណ្តាញពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់។ ការណែនាំនេះធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលើកទិសដៅអនុវត្តបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានដាក់ចេញនូវទិសដៅ និងវិធានការសំខាន់ៗសម្រាប់អនុវត្តបន្ត ដោយតម្រូវឱ្យកម្លាំងជំនាញពាក់ព័ន្ធត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តភារកិច្ចប្រកប ដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់សំដៅចូលរួមកាត់បន្ថយ និងទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានខេត្តសៀមរាប និងបានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហការរវាងកម្លាំងនគរបាលជំនាញជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធក្នុងការផ្សព្វផ្សាយ អប់រំ និងបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងសិស្សានុសិស្ស អំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ព្រមទាំងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មានអំពីបទល្មើសគ្រឿងញៀន ដើម្បីរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។

ក្នុងឱកាសនេះដែរ លោកស្នងការបានប្រគល់នូវឧបករណ៍តេស្តស្វែងរកសារធាតុញៀនជូនដល់កម្លាំងជំនាញ ដើម្បីយកទៅប្រើប្រាស់ក្នុងការអនុវត្តវិធានការត្រួតពិនិត្យ និងស្វែងរកសារធាតុញៀននៅតាមមូលដ្ឋានសំដៅចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





