ឯកឧត្តម សុខ លូ ប្រាប់ពីនសក្តានុពលវិស័យកសិកម្មរបស់ខេត្តបាត់ដំបង ដល់ទូរទស្សន៍ជាតិចិន ក្នុងកម្មវិធី BIG DATA EXPO 2026
AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានប្រាប់ពីនសក្តានុពលវិស័យកសិកម្មរបស់ខេត្តបាត់ដំបង ដល់ទូរទស្សន៍ជាតិចិន ក្នុងកម្មវិធី BIG DATA EXPO 2026 កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៦ ។

ឯកឧត្តម អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថូចនេះក្នុងពេលអញ្ជើញផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិចិន និងអ្នកសារព័ត៌មានចិន ក្នុងកម្មវិធី BIG DATA EXPO 2026 ដោយបានលើកឡើងពីសក្តានុពលវិស័យកសិកម្មរបស់ខេត្តបាត់ដំបង និងស្នើវិនិយោគិនចិនមកសិក្សា និងវិនិយោគលើការកែច្នៃកសិផល ដោយនាំយកបច្ចេកវិទ្យាទំនើបមកអភិវឌ្ឍនៅកម្ពុជា។ ឯកឧត្តម ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិស័យបច្ចេកវិទ្យាក្នុងការគ្រប់គ្រងរដ្ឋបាលនាថ្ងៃអនាគត និងការអភិវឌ្ឍគ្រប់វិស័យដែលផ្អែកទៅលើទិន្នន័យ ដែលបច្ចេកវិទ្យានិងធនធានមនុស្សនេះក៏ជាវិស័យអទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម បានបង្ហាញការកោតសរសើរយ៉ាងខ្លាំង ចំពោះ ខេត្តគួយចូវ ដែលមានសេដ្ឋកិច្ចឌីជីថលយ៉ាងធំ និងមានសក្តានុពលខ្លាំង ហើយទំនាក់ទំនងការបរទេសរវាង ខេត្តបាត់ដំបង និងទីក្រុងគួយយ៉ាង នៃខេត្តគួយចូវនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌ ផ្លាស់ប្តូរទំនិញ និងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងខេត្តបាត់ដំបង លើវិស័យបច្ចេកវិទ្យានេះបានកាន់តែច្រើន។
ជាមួយគ្នានេះ ឯកឧត្តម បានបង្ហាញការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តបាត់ដំបង និងទីក្រុងគួយយ៉ាង លើវិស័យវប្បធម៌ ពាណិជ្ជកម្ម បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ឱ្យកាន់តែប្រសើរ និងមាននិរន្តរភាព៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





