ឯកឧត្តម សុខ លូ ទស្សនកិច្ចនៅស្ថានីយវិទ្យុ និងទូរទស្សន៍ ខេត្តគួយចូវ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦--ពីខេត្តគួយចូវ សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងប្រតិភូខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៦នេះ បានអញ្ជើញទស្សនកិច្ចនៅស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តគួយចូវ សាធារណរដ្ឋប្រជាមានិតចិន ។

ក្នុងដំណើរទស្សនកិច្ចនេះ លោក លីវ ជីងយាន អនុប្រធានស្ថានីយវិទ្យុ និងទូរទស្សន៍ ខេត្តគួយចូវ បានបង្ហាញអារម្មណ៍រំភើបរីករាយ និងបានបង្ហាញជូនគណៈប្រតិភូ អំពីប្រវត្តិ ស្នាដៃ និងដំណើរការងាររបស់ស្ថានីយ ព្រមទាំងបានបង្ហាញពីទស្សនជាវិជ្ជមាន ក្នុងការផ្លាស់ប្តូរទំនាក់ទំនងក្នុងវិស័យព័ត៌មាន និងកម្មវិធីកំសាន្តផ្សេងៗរវាងខេត្តទាំង២ ដើម្បីចូលរួមផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍រ វាងគ្នាទៅវិញទៅមកនាពេលអនាគត។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍គាំទ្រនូវសំណើនេះ និងសង្ឃឹមថាទំនាក់ទំនងក្នុងវិស័យព័ត៌មាននេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តការរវាងទីក្រុងគួយយ៉ាងខេត្តគួយចូវ និង ខេត្តបាត់ដំបង អោយកាន់តែរីកចម្រើននិងស្អិតរមួតថែមទៀត៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





