កូរ៉េខាងត្បូងទាក់ទាញភ្ញៀវទេសចរបរទេសជាង ២លាននាក់ទៅទស្សនាវិស័យវេជ្ជសាស្ត្រនៅក្នុងឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ -- ចំនួនអ្នកទេសចរវេជ្ជសាស្ត្របរទេសដែលទៅប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់ ២លាននាក់កាលពីឆ្នាំមុន ដោយសារការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីទូទាំងពិភពលោកទៅលើសេវាវេជ្ជសាស្ត្ររបស់ប្រទេសនេះ។ នេះបើយោងតាមរបាយការណ៍មួយបានបង្ហាញកាលពីថ្ងៃអាទិត្យ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់វិទ្យាស្ថានអភិវឌ្ឍន៍ឧស្សាហកម្មសុខភាពកូរ៉េខាងត្បូង ដែលគ្រប់គ្រងដោយរដ្ឋ បានឱ្យដឹងថា ជនបរទេសសរុបចំនួន ២,០១លាននាក់បានទៅទស្សនាប្រទេសកូរ៉េខាងត្បូងសម្រាប់ការថែទាំសុខភាព ធ្មេញ និងការវះកាត់នៅក្នុងឆ្នាំ២០២៥ ដែលកើនឡើង៧១,៩% ពីមួយឆ្នាំមុន។
នៅក្នុងចំណោមនោះ អ្នកទេសចរចំនួន ៦១៨.០០នាក់ ឬ ៣០,៨% មកពីប្រទេសចិន បន្ទាប់មក ៦០០.០០០នាក់មកពីប្រទេសជប៉ុន ១៨៥.០០០នាក់មកពីតៃវ៉ាន់ និង ១៧៣.០០០នាក់មកពីសហរដ្ឋអាមេរិក។
ក្នុងចំណោមគ្លីនិកព្យាបាលស្បែក អ្នកជំងឺចិនមានចំនួន ៤៥៩.០០០នាក់បានទទួលការព្យាបាល បន្ទាប់មកអ្នកជំងឺជប៉ុន ដែលមានចំនួន៣៩៩.០០០នាក់។
នៅគ្លីនិកវះកាត់កែសម្ផស្ស អ្នកជំងឺជប៉ុនមានចំនួន ៩៧.០០០នាក់បានទទួលការព្យាបាល បន្ទាប់មកអ្នកជំងឺចិន មានចំនួន ៥៧.០០០នាក់។
ទន្ទឹមនឹងនេះ ទិន្នន័យដាច់ដោយឡែកពីអង្គការទេសចរណ៍កូរ៉េបានបង្ហាញថា ភ្ញៀវទេសចរបរទេសដែលទៅព្យាបាលជំងឺបានចំណាយប្រាក់ចំនួន ២១៣,០៨ពាន់លានវ៉ុន (១៥៤,៣៥លានដុល្លារអាម៉េរិក) នៅក្នុងខែកក្កដា ដែលកើនឡើង ៦៦,៥% ពីមួយឆ្នាំមុន។
តួលេខប្រចាំខែនៅតែលើសពី ២០០ពាន់លានវ៉ុនសម្រាប់រយៈពេលប្រាំខែជាប់ៗគ្នាចាប់ពីខែមីនាដល់ខែកក្កដា។
នៅក្នុងចំណោមនោះ ភ្ញៀវទេសចរចិនបានចំណាយប្រាក់ចំនួន៥៧,៧ពាន់លានវ៉ុន បន្ទាប់មក គឺជនជាតិអាម៉េរិក ចំនួន ៤៤ពាន់លានវ៉ុននិងជនជាតិជប៉ុន ចំនួន ២៨,៥ពាន់លានវ៉ុន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ យ៉ុនហាប់)





