លោក ស៊ី ជីនពីង ទៅដល់ប្រទេសកៀហ្ស៊ីស៊ីស្ថានសម្រាប់កិច្ចប្រជុំកំពូល SCO និងដំណើរទស្សនកិច្ចផ្លូវរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ -- ប្រធានាធិបតីចិន លោក ស៊ីជីនពីង បានទៅដល់រដ្ឋធានីប៊ីស្គេក នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន កាលពីថ្ងៃអាទិត្យ ជាកន្លែងដែលលោកនឹងចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ២០២៦ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ច ដែលនឹងរួមបញ្ចូលនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកៀហ្ស៊ីស៊ីស្ថាន និងអេហ្ស៊ីប។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
សារព័ត៌មានស៊ីនហួរ ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានរាយការណ៍ថា «លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានចុះចតនៅទីក្រុងប៊ីស្គេក នៅថ្ងៃអាទិត្យ សម្រាប់កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ២០២៦ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកៀហ្ស៊ីស៊ីស្ថាន»។
សារព័ត៌មាននេះ បាននិយាយថា លោក ស៊ី កំពុងបំពេញទស្សនកិច្ចប្រទេសទាំងពីរ តាមការអញ្ជើញរបស់ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោកសាឌៀ ចាប៉ារ៉ូវ និងប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតតាហ៍ អ៊ែល-ស៊ិស៊ី។
ក្រុមអ្នកអមដំណើររបស់លោក ស៊ី រួមមានភរិយារបស់លោក គឺលោកស្រី ប៉េង លីយាន រដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី និងលោក កៃឈី ដែលជាមន្ត្រីជាន់ខ្ពស់របស់ប្រទេសចិន និងជានាយកការិយាល័យទូទៅនៃបក្សកុម្មុយនិស្តចិន។
ក្រៅពីលោក ស៊ី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេសគីយ៉ាន នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស សារីហ្វនិងប្រមុខរដ្ឋនៃប្រទេសសមាជិកផ្សេងទៀត ក៏ត្រូវបានគេរំពឹងថានឹងទៅកាន់រដ្ឋធានីគៀហ្គីស្ថាននៅថ្ងៃចន្ទនេះផងដែរ ដើម្បីចូលរួមកិច្ចប្រជុំកំពូល SCO រយៈពេលពីរថ្ងៃ។
កិច្ចប្រជុំកំពូលនេះ គឺជាខួបលើកទី២៥ នៃប្លុកតំបន់ដែលធ្វើការដើម្បីធ្វើឱ្យមានតុល្យភាពឥទ្ធិពលពិភពលោករបស់លោកខាងលិច។
ក្រុមនេះប្រមូលផ្តុំដោយប្រទេសរុស្ស៊ី ចិន ឥណ្ឌា ប៉ាគីស្ថាន អ៊ីរ៉ង់កាហ្សាក់ស្ថាន កៀហ្គីស្ថាន តាជីគីស្ថាន អ៊ូសបេគីស្ថាន និងបេឡារុស។
យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក យូរី យូសាកូវ បានឱ្យដឹងថា លោក ពូទីន ក៏ត្រូវបានគេរំពឹងថានឹងធ្វើកិច្ចចរចាទ្វេភាគីដាច់ដោយឡែកមួយជាមួយលោក ប៉េហ្សេសគីយ៉ាន និងលោក ស៊ី ក្នុងចំណោមមេដឹកនាំដទៃទៀតផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





