សម្ភារគ្រឿងផ្ទះចំនួន៧គ្រឿងត្រូវបានប្រគល់ ជូនដល់គ្រួសារងាយរងគ្រោះ នៅខេត្តព្រៃវែង
AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ -- លោកស្រី បណ្ឌិត អ៊ុក មាសសូលីណា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រៃវែង កាលពីថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២៦ បានចាត់ឱ្យមន្ត្រីសាខាខេត្ត ចុះប្រគល់សម្ភារៈគ្រឿងផ្ទះ ចំនួន ៧ខ្នង ជូនដល់គ្រួសារងាយរងគ្រោះ ចំនួន ៧គ្រឿង នៅស្រុកកំពង់ត្របែក ២គ្រឿង ក្រុងព្រៃវែង ២គ្រឿង ស្រុកកំចាយមារ ១គ្រឿង និងស្រុកមេសាង ២គ្រឿង។

ចំពោះសម្ភារៈគ្រឿងផ្ទះចំនួន ៧ខ្នង ដែលបានប្រគល់ជូន គឺជាថវិកាមូលនិធិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានទទួលមកពីសប្បុរជនគ្រប់មជ្ឈដ្ឋានក្នុងការចូលរួមចំណែកការងារមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងគ្រួសាររងហានិភ័យ។

បញ្ជាក់៖ គិតត្រឹមថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៦ សាខាខេត្ត បានចុះប្រគល់គ្រឿងផ្ទះ សរុបបានចំនួន ២៥ខ្នង នៅស្រុកចំនួន ១២ គឺ៖ ស្រុកបាភ្នំ(២គ្រឿង) ព្រះស្តេច(៤គ្រឿង) ស្វាយអន្ទរ(៣គ្រឿង) ពោធិ៍រៀង(១គ្រឿង) ពារាំង(២គ្រឿង) ស៊ីធរកណ្តាល(១គ្រឿង) ពាមរក៍(៣គ្រឿង) ពាមជរ(២គ្រឿង) កំពង់ត្របែក ២គ្រឿង ក្រុងព្រៃវែង ២គ្រឿង កំចាយមារ ១គ្រឿង និងស្រុកមេសាង ២គ្រឿង៕
ដោយ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





