ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសកូរ៉េ ចុះពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកកោះអណ្តែត
AKP តាកែវ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ -- លោកស្រី ឡុង បូណារេត អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងតំណាងក្រុមហ៊ុន-សមាគមមកពីប្រទេសកូរ៉េ ចុះផ្តល់សេវាពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកកោះអណ្តែត ។យុទ្ធនាការនេះមានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្រុមការងារ និងដៃគូសហការស្ម័គ្រចិត្តមកពីប្រទេសកូរ៉េសរុបចំនួន២៣នាក់(ស្រី6នាក់)។

ពិធីនេះធ្វើឡើងនៅមន្ទីរពេទ្យបង្អែកកោះអណ្ដែត ស្ថិតនៅក្នុងស្រុកកោះអណ្ដែតខេត្តតាកែវ កាលពីព្រឹកថ្ងៃសៅរ៍ទី២៩ ខែសីហា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះ លោកស្រី ឡុង បូណារេត អភិបាលរងនៃគណៈអភិបាលខេត្ត តាកែវ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខយ៉ាងកក់ក្តៅ ពីសំណាក់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ និងតំណាងក្រុមហ៊ុន-សមាគមមកពីប្រទេសកូរ៉េ ដែលបានចុះមកជួយពិនិត្យ ព្យាបាលជំងឺ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកកោះអណ្ដែត។

លោកស្រីអភិបាលរងខេត្តតាកែវ បានលើកឡើងថា សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងមួយរបស់អាជ្ញាធរខេត្តតាកែវ។ការចុះពិនិត្យនិងព្យាបាលជំងឺនាពេលនេះ មិនត្រឹមតែជាការជួយសម្រាលបន្ទុកជីវភាព និងការចំណាយរបស់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការស្តែងឱ្យឃើញពីមនោសញ្ចេតនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ យ៉ាងរឹងមាំរវាងកម្ពុជានិងកូរ៉េ ក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅតាមមូលដ្ឋាន។
លោកស្រីអភិបាលរងខេត្តតាកែវ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពជាប្រចាំ និងប្រញាប់មកជួបគ្រូពេទ្យជំនាញនៅពេលមានអាការៈប្រែប្រួល ដើម្បីទទួលបានការព្យាបាលបានទាន់ពេលវេលា។

លោកស្រី ឡុង បូណារេត បានមានប្រសាសន៍បន្ថែមថា ការពិនិត្យនិងព្យាបាលជំងឺ ជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកកោះអណ្ដែត ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ រយៈពេលពេញមួយព្រឹកជាលទ្ធផល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានសរុបចំនួន41នាក់(ស្រី ៣៤នាក់) រួមមាន អ្នកជំងឺមហារីកចំនួន១១នាក់(ស្រី៧នាក់) និងអ្នកជំងឺរ៉ាំរ៉ៃចំនួន៣០នាក់(ស្រី២៧នាក់)។ សកម្មភាពនេះ បានបង្ហាញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្តតាកែវ និងអាជ្ញាធរដែនដី ក្នុងការកៀងគរកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីនាំយកសេវាថែទាំសុខភាព ប្រកបដោយគុណភាព និងឥតគិតថ្លៃ មកជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់៕
ដោយ អ៊ុច សៀង





