ឯកឧត្តម សុខ លូ ចូលរួមពិធីបើកពិព័រណ៍ BIG DATA EXPO 2026 នៅខេត្តគួយចូវ ប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងសហការីនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីបើកពិព័រណ៍ BIG DATA EXPO 2026 ក្រោមប្រធានបទ «TOKEN: A New Path to Value of Data Element» ក្រោមអធិបតីភាព ឯកឧត្តម លី ពីងជីន អភិបាលខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន។

ខេត្តគួយចូវ សាធារណរដ្ឋប្រជាមានិតចិន គឺជាខេត្តនៃបណ្តុំហេដ្ឋារចនាសម្ព័ន្ធទិន្នន័យធំ (BIG DATA) របស់ប្រទេសចិន និងក្រុមហ៊ុនធំៗជាច្រើនដូចជា Huawei និង Apple Inc. ជាដើម ។ ការទៅចូលរួមលើកនេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានទៅស្វែងរកការបង្កើតចំណងសម្ព័ន្ធមេត្រីភាព ធ្វើកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម កសិកម្ម អប់រំ វប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍន៍បច្ចេកវិទ្យា និងធនធានមនុស្ស ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាមួយ ខេត្តគួយចូវ និងខេត្តបាត់ដំបង ។

ដោយកាលពីម្សិលមិញ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក Wang Hong អភិបាលក្រុងគួយយ៉ាង ខេត្តគួយចូវ ក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា MOU ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាង ខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជា និងក្រុងគួយយ៉ាង ខេត្តគួយចូវ នៃសាធារណៈរដ្ឋប្រជាមានិតចិន រួចហើយដែរ ៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





