អភិបាលរងខេត្តបន្ទាយមានជ័យ៖ ការការពារយុវជនពីគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ត្រូវចាប់ផ្តើមពីចំណេះដឹង និងស្មារតីទទួលខុសត្រូវ
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ -- ការបង្ការមុនពេលបញ្ហាកើតឡើង គឺជាវិធានការដែលមានប្រសិទ្ធភាព និងចីរភាពជាងការដោះស្រាយនៅពេលបញ្ហាបានកើតឡើងរួចហើយ។ នេះជាការសង្កត់ធ្ងន់របស់លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ តំណាងលោក កែ សួន សុភាព ប្រធាន ស.ស.យ.ក. ខេត្ត ក្នុងពិធីផ្សព្វផ្សាយចំណេះដឹង ស្តីពីការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់សមាជិក សមាជិកា ស.ស.យ.ក. និងសិស្សានុសិស្ស ក្នុងស្រុកស្វាយចេក។

ពិធីនេះបានរៀបចំឡើងនាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ នេះ នៅបរិវេណវត្តស្វាយចេក ដោយមានការសហការរវាង ស.ស.យ.ក. ខេត្ត អាជ្ញាធរមូលដ្ឋានខេត្ត ស្រុក ឃុំ និងកងកម្លាំងមានសមត្ថកិច្ច ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជន និងសិស្សានុសិស្សឱ្យកាន់តែច្បាស់អំពីផលប៉ះពាល់នៃគ្រឿងញៀន ព្រមទាំងកាតព្វកិច្ចក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក។
ថ្លែងក្នុងឱកាសនោះ លោក យឹម សំណាង បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយចំណេះដឹងអំពីការបង្ការ និងទប់ស្កាត់គ្រឿងញៀន ព្រមទាំងការគោរពច្បាប់ចរាចរណ៍ មិនមែនជាភារកិច្ចរបស់ស្ថាប័ន ឬអាជ្ញាធរណាមួយតែម្នាក់ឯងឡើយ ប៉ុន្តែជាការងារដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសយុវជន គ្រឹះស្ថានសិក្សា គ្រួសារ អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច និងវិស័យឯកជន។
លោកបានចាត់ទុកការផ្តល់ចំណេះដឹងដល់យុវជន និងសិស្សានុសិស្ស គឺជាការវិនិយោគដ៏សំខាន់លើធនធានមនុស្ស ព្រោះយុវជនជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ប្រសិនបើយុវជនទទួលបានការអប់រំល្អ មានចំណេះដឹង និងមានស្មារតីទទួលខុសត្រូវ ពួកគេនឹងអាចការពារខ្លួនពីអំពើអវិជ្ជមាន និងក្លាយជាកម្លាំងដ៏សំខាន់ក្នុងការចូលរួមកសាងសង្គម។ ក្នុងន័យនេះ លោកអភិបាលរងខេត្តបានអំពាវនាវដល់យុវជនទាំងអស់ឱ្យចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងកុំចង់ដឹងចង់សាក ដោយសារការប្រើប្រាស់គ្រឿងញៀនអាចបង្កផលវិបាកធ្ងន់ធ្ងរដល់សុខភាព ផ្លូវចិត្ត ការសិក្សា ការងារ ទំនាក់ទំនងក្នុងគ្រួសារ និងអនាគតរបស់បុគ្គល ព្រមទាំងអាចបង្កបញ្ហាដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម។

លោកបានណែនាំឱ្យយុវជនចេះប្រើប្រាស់ពេលវេលា និងសមត្ថភាពរបស់ខ្លួនទៅលើសកម្មភាពដែលមានប្រយោជន៍ ដូចជា ការសិក្សា ការរៀនជំនាញវិជ្ជាជីវៈ ការលេងកីឡា សកម្មភាពសង្គម ការងារស្ម័គ្រចិត្ត និងការចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សហគមន៍ ជំនួសឱ្យការចូលរួមក្នុងសកម្មភាពដែលអាចនាំទៅរកការប្រើប្រាស់សារធាតុញៀន និងអំពើអវិជ្ជមានផ្សេងៗ។
ជាមួយគ្នានេះ លោក យឹម សំណាង ក៏បានផ្តោតការយកចិត្តទុកដាក់លើ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលនៅតែជាបញ្ហាប្រឈមមួយសម្រាប់សង្គម និងអាចបណ្តាលឱ្យបាត់បង់អាយុជីវិត ពិការភាព និងការខាតបង់សេដ្ឋកិច្ចគ្រួសារ ប្រសិនបើអ្នកប្រើប្រាស់ផ្លូវខ្វះការប្រុងប្រយ័ត្ន និងមិនគោរពច្បាប់។ លោកបានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ជាពិសេសយុវជន ត្រូវបង្កើនស្មារតីទទួលខុសត្រូវ និងអនុវត្តច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដោយត្រូវពាក់មួកសុវត្ថិភាព បើកបរដោយប្រុងប្រយ័ត្ន មិនបើកបរក្នុងស្ថានភាពស្រវឹង មិនប្រើប្រាស់ល្បឿនលឿនហួសកំណត់ និងត្រូវគោរពសិទ្ធិអ្នកដទៃនៅពេលធ្វើដំណើរលើដងផ្លូវ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ការគោរពច្បាប់ចរាចរណ៍ មិនមែនធ្វើឡើងត្រឹមតែដើម្បីជៀសវាងការផាកពិន័យ ឬការទទួលខុសត្រូវតាមផ្លូវច្បាប់នោះទេ ប៉ុន្តែជាការគោរពអាយុជីវិតរបស់ខ្លួនឯង និងអ្នកដទៃ ព្រមទាំងជាការបង្ហាញពីវប្បធម៌នៃការរស់នៅក្នុងសង្គមដែលមានសណ្តាប់ធ្នាប់ និងការទទួលខុសត្រូវ។
លោក យឹម សំណាង ក៏បានលើកឡើងផងដែរថា ការអប់រំ និងផ្សព្វផ្សាយត្រូវដើរទន្ទឹមគ្នាជាមួយការអនុវត្តច្បាប់។ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវ និងស្របតាមគោលការណ៍ច្បាប់ ព្រមទាំងបង្កើនកិច្ចសហការជាមួយសាលារៀន គ្រួសារ សហគមន៍ និងវិស័យឯកជន ដើម្បីបង្កើតបរិយាកាសមួយដែលអាចការពារយុវជនពីគ្រឿងញៀន និងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍។
ជារួម សារដ៏សំខាន់ពីពិធីផ្សព្វផ្សាយនេះ គឺការការពារយុវជនពីគ្រឿងញៀន និងការការពារអាយុជីវិតអ្នកប្រើប្រាស់ផ្លូវ មិនអាចពឹងផ្អែកតែលើការអនុវត្តច្បាប់នៅពេលបញ្ហាកើតឡើងនោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីការអប់រំ ការផ្តល់ចំណេះដឹង ការបណ្តុះស្មារតីទទួលខុសត្រូវ និងការចូលរួមរបស់គ្រប់ភាគី។
សម្រាប់យុវជន ការចៀសឆ្ងាយពីគ្រឿងញៀន គឺជាការការពារអនាគតរបស់ខ្លួន ខណៈការគោរពច្បាប់ចរាចរណ៍ គឺជាការការពារជីវិត។ ការរួមបញ្ចូលគ្នានៃការយល់ដឹង និងការអនុវត្ត ទាំងពីរនេះនឹងរួមចំណែកកាន់តែសំខាន់ក្នុងការកសាងសង្គមមួយដែលមានសុវត្ថិភាព សណ្តាប់ធ្នាប់ និងបរិយាកាសអំណោយផលដល់ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព៕
ដោយ៖ ឈុន សារ៉ាត




