សមាជិកព្រឹទ្ធសភាកាមេរូន កោតសរសើរកម្ពុជា ចំពោះការរៀបចំសន្និសីទប្រធានសភា នៃអន្ដរសភាលើកទី២ និងការផ្តួចផ្តើម «ការទូតសភា» ដើម្បីសន្តិភាពពិភពលោក
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ -- ឯកឧត្តមបណ្ឌិត Pierre Flambeau NGAYAP សមាជិកព្រឹទ្ធសភាមកពីប្រទេសកាមេរូន បានកោតសរសើរកម្ពុជា ចំពោះការរៀបចំសន្និសីទប្រធានសភា នៃអន្ដរសភាលើកទី២ (ISC-2) និងការផ្តួចផ្តើម «ការទូតសភា» ដើម្បីសន្តិភាពពិភពលោក និងសង្កត់ធ្ងន់លើមុំសំខាន់ៗចំនួន៣ ទាក់ទងនឹងតួនាទី និងសមត្ថភាពរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់ថ្នាក់តំបន់ និងអន្តរជាតិនេះ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត Pierre Flambeau NGAYAP បានលើកឡើងថា ចណុចសំខាន់ៗចំនួន៣ នោះ រួមមាន៖ ទីមួយ កម្ពុជាជាស្ថាបនិក និងជាអ្នកដឹកនាំគំនិតផ្តួចផ្តើម «ការទូតសភា»៖ ដោយប្រតិភូកាម៉េរូនបានគូសបញ្ជាក់ថា សន្និសីទ ISC-2 ក្រោមការផ្តួចផ្តើម និងសម្របសម្រួលដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺជា ឧបករណ៍ថ្មី មួយដ៏មានឥទ្ធិពល ក្នុងការផ្លាស់ប្តូរទម្រង់ទំនាក់ទំនងអន្តរជាតិ។ ឯកឧត្ដមបណ្ឌិតបានបន្ដថា ការទូតសភានេះ ផ្តល់ជាវេទិកាបន្ថែមលើសពីការទូតផ្លូវរដ្ឋ ដើម្បីជួយជ្រោមជ្រែងលទ្ធិប្រជាធិបតេយ្យ ឯកភាពជាតិ សន្តិភាព និងការគោរពច្បាប់អន្តរជាតិ។

ទីពីរ ភាពជោគជ័យ និងការទទួលបានទំនុកចិត្តកម្រិតអន្តរជាតិ៖ ប្រទេសកាមេរូន ក្នុងនាមជាប្រទេសមួយក្នុងចំណោមរដ្ឋអាហ្វ្រិកតិចតួច ដែលបានចូលរួម និងគាំទ្រសន្និសីទនេះតាំងពីដំបូង បានសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំលើសមត្ថភាពរៀបចំរបស់កម្ពុជា។ ឯកឧត្ដមបន្ដថា ក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញពីសន្និសីទនៅទីក្រុងភ្នំពេញ ត្រូវគេមើលឃើញថាជាលទ្ធផលផ្លែផ្កាដ៏ធំមួយ ដែលនឹងរួមចំណែកដល់ការកសាងសន្តិភាពពិភពលោក នាពេលអនាគត។ ទីបី ការឈានឆ្ពោះទៅរកការរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី» (Francophonie Summit)៖ ភាពជោគជ័យនៃការរៀបចំសន្និសីទ ISC-2 នៅពេលនេះ គឺជាសញ្ញាណដ៏ល្អ និងជាការត្រៀមខ្លួនជាយុទ្ធសាស្ត្ររបស់រាជធានីភ្នំពេញ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នាខែវិច្ឆិកា ខាងមុខ ដែលបណ្តាប្រទេសសមាជិក (រួមទាំងកាមេរូន) បានប្តេជ្ញារួចជាស្រេចក្នុងការបញ្ជូនប្រតិភូមកចូលរួម និងផ្តល់ការគាំទ្រពេញទំហឹង។

ឯកឧត្តមបណ្ឌិត Pierre Flambeau NGAYAP សមាជិកព្រឹទ្ធសភាប្រទេសកាមេរូនបានសង្កត់ធ្ងន់ថា៖ «សន្និសីទ ISC-2 មិនត្រឹមតែជាជំនួបពិភាក្សាផ្លាស់ប្តូរមតិយោបល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញឱ្យឃើញពីការកើនឡើងនៃឥទ្ធិពលការទូតរបស់កម្ពុជា លើឆាកអន្តរជាតិ តាមរយៈការតភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសនៅតំបន់អាហ្វ្រិក និងតំបន់ប្រើប្រាស់ភាសាបារាំង (Francophonie) យ៉ាងមានប្រសិទ្ធភាព»៕
ដោយ៖ យា ចិន្តាខន្តី, រូបថត៖ រិទ្ធី





