កាមេរូន និងកម្ពុជា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការទូតសភា និងវិស័យទេសចរណ៍
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ -- ប្រទេសកាមេរូន ជឿជាក់ថា ដល់ពេលវេលាសមស្របហើយក្នុងការកសាង និងពង្រីកទំនាក់ទំនងលើគ្រប់វិស័យជាមួយកម្ពុជា។ កាមេរូន គឺជាប្រទេសមួយក្នុងចំណោមរដ្ឋអាហ្វ្រិក ដែលបានចូលរួមសន្និសីទប្រធានសភានៃអន្តរសភានេះ តាំងពីចាប់ផ្តើមដំបូង ដោយប្រទេសកាមេរូន ជឿជាក់យ៉ាងមុតមាំលើគំនិតផ្តួចផ្តើមការទូតសភានេះ ដែលជាឧបករណ៍ថ្មីមួយដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ឯកភាពជាតិ សន្តិភាព និង ការគោរពច្បាប់អន្តរជាតិ នៅក្នុងទំនាក់ទំនងអន្តរជាតិ។ នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត Pierre Flambeau NGAYAP សមាជិកព្រឹទ្ធសភាមកពីប្រទេសកាមេរូន នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្ដម និងគណៈប្រតិភូអញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត និងជាសមាជិកព្រឹទ្ធសភាកាម៉េរូន រូបនេះ បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលបានចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាពេលនេះ ដោយឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំ និងការចេញសេចក្តីថ្លែងការណ៍ដ៏មានផ្លែផ្កា ដែលជាភាគទានយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាពពិភពលោក។

ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនាខែវិច្ឆិកាខាងមុខ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា រដ្ឋាភិបាលកាមេរូន ដែលជាសមាជិកយ៉ាងសកម្មនៃអង្គការនេះ នឹងបញ្ជូនប្រតិភូចូលរួម និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

ឯកឧត្តមបណ្ឌិត Pierre Flambeau NGAYAP បានបញ្ជាក់បន្ថែមផងដែរថា ក្នុងឱកាសនៃការចូលរួមសន្និសីទ ISC-2 នេះ ប្រតិភូកាមេរូន បានជួបភាក្សាការងារយ៉ាងស្និទ្ធស្នាល និងទទួលបានលទ្ធផលជាវិជ្ជមានជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ភាគីទាំងពីរបានរៀបចំផែនការក្នុងការរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅរវាងព្រឹទ្ធសភានៃប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។
ពាក់ព័ន្ធនឹងការកសាងទំនាក់ទំនងវិស័យទេសចរណ៍ ឯកឧត្តមបណ្ឌិតសមាជិកព្រឹទ្ធសភាកាមេរូន បានអះអាងថា ប្រទេសទាំងពីរមានសមត្ថភាព និងសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប ហើយភាគីទាំងពីរត្រូវផ្លាស់ប្តូរបទពិសោធន៍ និងជំរុញការផ្លាស់ប្តូរភ្ញៀវទេសចរ និងក្រុមហ៊ុនវិនិយោគទៅវិញទៅមក៕
ដោយ៖ យា ចិន្តាខន្តី, រូបថត៖ រិទ្ធី





