សន្នីសីទប្រធានសភានៃអន្តរសភាលើកទី២ ប្រកាសគាំទ្រការកសាងសមត្ថភាព និងការចូលរួមរបស់សភាប្រកបដោយបរិយាបន្ន ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ -- សន្នីសីទប្រធានសភានៃអន្តរសភាលើកទី២(ISC-2)បានប្រកាសគាំទ្រការកសាងសមត្ថភាព និងការចូលរួមរបស់សភាប្រកបដោយបរិយាបន្ន ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ នេះបើយោងតាមសេចក្តីប្រកាសទីក្រុងភ្នំពេញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីបានប្រកាសបិទបញ្ចប់សន្នីសីទប្រធានសភានៃអន្តរសភាលើកទី២ ប្រកបដោយជោគជ័យ។

ក្នុងសេចក្តីប្រកាសដែលបានអនុម័តនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាបានទទួលស្គាល់ថា សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពពង្រឹងនិងគាំទ្រគ្នាទៅវិញទៅមក ហើយយើងខ្ញុំ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសភា ដើម្បីលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព, សន្តិសុខស្បៀង ថាមពល និងសុខភាព ព្រមទាំងការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងចីរភាពបរិស្ថាន ខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយសុវត្ថិភាព និងចីរភាព ព្រមទាំងសេរីភាពនៃការធ្វើនាវាចរណ៍តាមមធ្យោបាយដឹកជញ្ជូនគ្រប់ទម្រង់ ស្របតាមច្បាប់អន្តរជាតិ ដើម្បីធានាបាននូវស្ថិរភាពសេដ្ឋកិច្ច, បរិវត្តកម្មឌីជីថលប្រកបដោយការទទួលខុសត្រូវ និងនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា ការអប់រំ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសន្ទនាពហុជំនឿសាសនា ការពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងសេចក្តីប្រកាសក៏បានបញ្ជាក់ផងដែរថា៖ «យើងខ្ញុំ សម្រេចចិត្តបន្តពង្រឹងសន្និសីទប្រធានសភានៃអន្តរសភា តាមរយៈ៖ ការពង្រឹងកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ភាពជាដៃគូ និងការផ្លាស់ប្តូររវាងសភាដែលចូលរួម;ការលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ផ្នែកនីតិកម្ម ចំណេះដឹង និងឧត្តមានុវត្តន៍; ការគាំទ្រការកសាងសមត្ថភាព និងការចូលរួមរបស់សភាប្រកបដោយបរិយាបន្ន ជាពិសេសសម្រាប់ ប្រទេសកំពុងអភិវឌ្ឍន៍ ការធ្វើឱ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនង ការសម្របសម្រួល និងការតាមដានលទ្ធផលនៃកិច្ច ពិភាក្សា និងគំនិតផ្តួចផ្តើមរបស់ ISC រួមទាំងតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍រវាងសភាដែលចូលរួម»។

ជាមួយគ្នានេះ ការអភិវឌ្ឍនាពេលអនាគតរបស់ ISC បានគាំទ្រការបន្ត ការពង្រីកប្រសិទ្ធភាព និងចីរភាពរយៈពេលវែងនៃសន្និសីទប្រធានសភានៃអន្តរសភា។ ក្នុងន័យនេះ យើងខ្ញុំ លើកទឹកចិត្តឱ្យសភាដែលចូលរួម លេខាធិការដ្ឋាន ISC និងសមាជិកស្ថាបនិករបស់ ISC បន្តការពិគ្រោះយោបល់ ដើម្បីទទួលស្វាគមន៍សភាចំនួនកាន់តែច្រើន និងរៀបចំយន្តការដែលមានលក្ខណៈ ជាក់ស្តែង បរិយាបន្ន បត់បែនបាន និងព្រមព្រៀងគ្នាទៅវិញទៅមក ដើម្បីពង្រឹងបន្ថែមនូវនិរន្តរភាពស្ថាប័ន ការសម្របសម្រួលប្រតិបត្តិការ ការទទួលស្គាល់នៃតួនាទីស្នូល និងការអភិវឌ្ឍរយៈពេលវែងរបស់ ISC។
ក្នុងសេចក្តីប្រកាសបានថ្លែងបញ្ជាក់បន្ថែមថា៖ «យើងខ្ញុំ សូមស្វាគមន៍ និងថ្លែងអំណរគុណសាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ ប្រធានសភាអន្តរសភាលើកទី៣ (ISC-3) នៅឆ្នាំ២០២៧ និងសូមបង្ហាញការគាំទ្រយ៉ាងពេញទំហឹងរបស់ យើងចំពោះ សភាជាន់ខ្ពស់នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងការបន្តជំរុញវឌ្ឍនភាពនិងសមិទ្ធផលដែលបាន បង្កើតឡើងតាមរយៈសន្និសីទនេះ»។
ក្នុងសេចក្ដីប្រកាសក៏បានលើកឡើងពីការប្តេជ្ញាចិត្តចុងក្រោយយើងខ្ញុំ បញ្ជាក់ជាថ្មីថា កិច្ចសហប្រតិបត្តិការអន្តរជាតិ និងពហុភាគីនិយម នៅតែជាមូលដ្ឋានដែលមិនអាច ខ្វះបានសម្រាប់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដោយការរួបរួមគ្នាប្រកបដោយដោយការទទួលខុសត្រូវរបស់យើង ដើម្បីទទួលបានពិភពលោកមួយដែលមានចីរភាព យុត្តិធម៌ និងសមធម៌កាន់តែប្រសើរ សម្រាប់មនុស្សជំនាន់នេះ និងអនាគត។ «យើងខ្ញុំប្តេជ្ញាបន្តធ្វើ ការរួមគ្នា ដើម្បីគោរព និងលើកកម្ពស់ការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ពង្រឹងការទូតសភា និងចូលរួមចំណែកកសាងពិភពលោកមួយប្រកបដោយសន្តិភាព បរិយាបន្ន យុត្តិធម៌ និងវិបុលភាព កាន់តែប្រសើរ»៕
ដោយ៖ ប៊ុនរិទ្ធ





