គ្រោះថា្នក់ចរាចរណ៍ ៩ខែ ដើមឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ កើតមានចំនួន ១៥៧ករណី កើនឡើង ២៧ករណី
AKP ព្រះសីហនុ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦--នាព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរង ទទួលផែនការងារសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាឯកឧត្តម អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំមកស្នងការរាជធានី ខេត្ត ជាពិសេសផែនសណ្តាប់ធ្នាប់សាធារណៈ ដែលជាអ្នកចុះអនុវត្តន៍ផ្ទាល់ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាសណ្តាប់ធ្នាប់សាធារណៈនៅខេត្តព្រះសីហនុ ដូចជានៅរាជធានី- ខេត្ត គ្រោះថ្នាក់ចរាចរណ៍មានដូចជា កត្តាល្បឿនមានជាង ៤០ភាគរយ ការបើកបរប្រជែង និងការបត់ជាដើម។

ទន្ទឹមនោះគ្រោះ ថ្នាក់ចរាចរណ៍ការសេពគ្រឿងញៀន ស្រវឹង កត្តាយានយន្ត កត្តាផ្លូវថ្នល់ជាពិសេសល្បឿន។ ម្យ៉ាងទៀតខេត្តព្រះសីហនុមានផ្លូវស្អាត ផ្លូវធំ ធ្វើឱ្យការបើកបរលើសល្បឿនកំណត់ ជាដើមចមនៃគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ ទន្ទឹមនោះ បញ្ហាការចតយានយន្តនៅចិញ្ចើមផ្លូវ ក៏ដូចការចតនៅលើថ្មក្រានីតដែលជាផ្លូវថ្មើរជើងជាដើម។ មន្ត្រីរបស់យើងបានចុះទៅធ្វើការអប់រំ ផ្សព្វផ្សាយជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋ ជាពិសេសម្ចាស់យានយន្ត និងផាសអេប។

លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ក៏បានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាឃាតករលាក់មុខ ប្រសិនបើយើងទាំងអស់គ្នាមានការធ្វេសប្រហែសតែបន្តិច និងកើតមានគ្រោះថ្នាក់ចរាចរណ៍បង្កមានគ្រោះមហន្តរាយបំផ្លិចបំផ្លាញគ្រប់ទម្រង់មានដូចជា បាត់បង់សមាជិកក្នុងក្រុមគ្រួសារ សហគមន៍ ការចំណាយពេលវេលា ការចំណាយថវិកា ពិសេសការបាត់បង់ធនធានមនុស្ស និងបង្កផលប៉ះពាល់ដល់អ្នកដទៃជាដើម។ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍មានកើតឡើងគួរឱ្យកត់សម្គាល់ ទើបឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់បទបញ្ជាឱ្យមន្ត្រីនគរបាលរាជធានី ខេត្តចំនួន៥ រឹតបន្តឹ ងច្បាប់ចរាចរណ៍ផ្លូវគោកមានដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តព្រៃវែង។ សមត្ថកិច្ចមិនចង់ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនោះទេ ប្រសិនបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវមានដូចជា ពាក់មួកសុវត្ថិភាព ដាក់កញ្ចក់ ផ្លាកលេខ និងពាក់ខ្សែក្រវាត់ឱ្យបានត្រឹមត្រូវនៅទូទាំងប្រទេសនោះ។

លោកឧត្តមសេនីយ៍ត្រីស្នងការរង ផែនសណ្តាប់ធ្នាប់សាធារណៈ នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល ៩ខែ ដើមឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ២០២៥ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើងមានចំនួន ១៥៧ករណី លើ ១៣០ករណី កើនឡើង ២៧ករណី បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១២៣នាក់ ស្រី ១៤នាក់ លើ ៨៧នាក់ កើន ៣៦នាក់ កើនស្មើ ៤១ភាគរយ។ រងរបួសធ្ងន់ ស្រាលចំនួន ១៧៥នាក់ ស្រី ៤៣នាក់ កើន ១៣នាក់ គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពី ល្បឿន ៧៨ករណី ប្រជែង ១៧ករណី បត់ ១៣ករណី មិនប្រកាន់ស្តាំ ២ករណី ស្រវឹង ១៨ករណី បើកបរធ្វេសប្រហែស ៩ករណី បញ្ច្រាសទិស ៥ករណី មិនគោរពសិទ្ធិអាទិភាព ៧ករណី មានសារធាតុញៀន ៤ករណី មនុស្សស្ទាក់រថយន្ត ១ករណី ដេកលើផ្លូវដែក ១ករណី ខូចប្រព័ន្ធហ្វ្រាំង ២ករណី៕

ដោយ ងូ សុមុនី





