តុលាការនិយាយថា ប្រទេសកូរ៉េខាងត្បូងត្រូវអនុញ្ញាតឱ្យមានការចុះបញ្ជីកំណើតសម្រាប់កុមារបរទេសដែលកើតនៅក្នុងប្រទេស
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ -- តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចថា អវត្តមាននៃក្របខ័ណ្ឌច្បាប់ដែលអនុញ្ញាតឱ្យកុមារបរទេសដែលកើតនៅប្រទេសកូរ៉េខាងត្បូងចុះបញ្ជីកំណើតរបស់ពួកគេក្រោមច្បាប់កូរ៉េ គឺជាការមិនស្របតាមរដ្ឋធម្មនុញ្ញទេ។
តុលាការបានសម្រេចជាឯកច្ឆ័ន្ទគាំទ្រជនជាតិវៀតណាមម្នាក់ ដែលត្រូវបានគេស្គាល់ថាជាបុគ្គល A និងកូនរបស់គាត់ ដែលបានដាក់ពាក្យបណ្តឹងរដ្ឋធម្មនុញ្ញដោយអះអាងថា ការបរាជ័យរបស់សភានីតិបញ្ញត្តិក្នុងការបង្កើតប្រព័ន្ធសម្រាប់ចុះបញ្ជីកំណើតរបស់ជនបរទេសដែលកើតនៅប្រទេសកូរ៉េខាងត្បូង បានរំលោភលើសិទ្ធិរដ្ឋធម្មនុញ្ញរបស់ពួកគេ។
លោក A បានចូលប្រទេសកូរ៉េខាងត្បូងក្រោមទិដ្ឋាការការងារមិនមែនវិជ្ជាជីវៈ ហើយបានរៀបការជាមួយលោកស្រី B ដែលជាជនជាតិវៀតណាមដូចគ្នាកាលពីក្នុងឆ្នាំ២០១៦។ ក្រោយមក គូស្វាមីភរិយានេះបានស្នាក់នៅហួសរយៈពេលស្នាក់នៅដែលបានអនុញ្ញាត ហើយបានក្លាយជាអ្នករស់នៅក្នុងប្រទេសកូរ៉េខាងត្បូងដោយគ្មានឯកសារស្របច្បាប់។
នៅពេលដែលកូនរបស់ពួកគេកើតនៅប្រទេសកូរ៉េខាងត្បូងនៅក្នុងឆ្នាំ២០១៩ ពួកគេមិនអាចចុះបញ្ជីកំណើតក្រោមច្បាប់កូរ៉េខាងត្បូងបានទេពីព្រោះច្បាប់ ស្តីពីការចុះបញ្ជីទំនាក់ទំនងគ្រួសាររបស់ប្រទេសនេះ ចែងអំពីការចុះបញ្ជីកំណើត និងបញ្ហាគ្រួសារផ្សេងទៀតសម្រាប់តែជនជាតិកូរ៉េខាងត្បូងប៉ុណ្ណោះ។
នៅទីបំផុត លោក A បានចុះបញ្ជីកំណើតរបស់កូនខ្លួនក្រោមច្បាប់វៀតណាម។ បន្ទាប់មក គាត់បានដាក់ពាក្យបណ្តឹងរដ្ឋធម្មនុញ្ញ ដោយអះអាងថា ការលុបចោលច្បាប់នេះបានរំលោភលើសិទ្ធិជាមូលដ្ឋាន ដែលតុលាការរដ្ឋធម្មនុញ្ញបានយល់ព្រម។
តុលាការបាននិយាយថា «សិទ្ធិក្នុងការចុះឈ្មោះភ្លាមៗបន្ទាប់ពីកើត គឺជាសិទ្ធិក្នុងការមានកំណត់ត្រារដ្ឋ និងគ្រប់គ្រងព័ត៌មានមូលដ្ឋានទាក់ទងនឹងកំណើតរបស់កុមារនៅពេលឆាប់បំផុតបន្ទាប់ពីកើត នៅពេលដែលកុមារអាចទទួលបានការការពារ»។
តុលាការបាននិយាយថា «វាជាតម្រូវការជាមូលដ្ឋានសម្រាប់ការសម្រេចបាននូវសិទ្ធិបុគ្គលិកលក្ខណៈទូទៅ ហើយគ្មានហេតុផលណាដែលការការពាររបស់វាខុសគ្នាអាស្រ័យលើថាតើកុមារជាជនជាតិកូរ៉េខាងត្បូង ឬបរទេសនោះទេ»។
តុលាការក៏បានចង្អុលបង្ហាញផងដែរអំពីហានិភ័យដែលកុមារជួបប្រទះដែលអត្ថិភាពរបស់ពួកគេមិនត្រូវបានកត់ត្រាជាផ្លូវការ។
តុលាការបាននិយាយថា «ប្រសិនបើកុមារដែលកើតនៅប្រទេសកូរ៉េខាងត្បូងត្រូវបានដកចេញពីការចុះបញ្ជីកំណើតដោយហេតុផលណាមួយហើយអត្ថិភាពរបស់ពួកគេមិនអាចផ្ទៀងផ្ទាត់បានលើក្រដាសទេនោះកុមារនឹងងាយរងគ្រោះជាងមុនចំពោះការរំលោភបំពាន ឬការបោះបង់ចោលហើយទំនងជាក្លាយជាគោលដៅនៃឧក្រិដ្ឋកម្ម ពីព្រោះអត្តសញ្ញាណរបស់កុមារមិនត្រូវបានកត់ត្រាទុក»។
តុលាការបាននិយាយថា «កុមារមិនអាចជ្រើសរើសកន្លែង ឬប្រទេសណាដែលពួកគេកើត ឬឪពុកម្តាយរបស់ពួកគេជានរណានោះទេ ដូច្នេះ ការមានប្រទេសដែលមានយុត្តាធិការកត់ត្រាអត្ថិភាពរបស់ពួកគេជាផ្លូវការភ្លាមៗបន្ទាប់ពីកើត គឺជាការការពារអប្បបរមា»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





