ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតែបន្តលើប្រទេសលីបង់ភាគខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ -- ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) បានរាយការណ៍ថា យន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាច្រើនលើកនៅទូទាំងភាគខាងត្បូងប្រទេសលីបង់កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
យោងតាមភ្នាក់ងារ NNA បានឱ្យដឹងថា ការវាយប្រហារបានកំណត់គោលដៅតំបន់ Wadi Slouqi ក្នុងស្រុកប៊ីនជេប៊ីល និងស្រុកម៉ាន់ស៊ូរី ក្នុងខេត្តទីរ៉េ។
នៅក្នុងទីក្រុងណាបាទី អាល់ ហ្វាវកា យន្តហោះចម្បាំងអ៊ីស្រាអែលបានបំផ្លាញអគារមួយនៅក្នុងសង្កាត់អាល់ឌៀ នៅម៉ោងប្រហែល ៦:២០នាទីល្ងាច បន្ទាប់មកការវាយប្រហារមួយផ្សេងទៀតនៅម៉ោងប្រហែល៦:៣០នាទីល្ងាចនៅជិតភ្នំ al-Dabsha និងការវាយប្រហារលើកទីបីនៅលើសង្កាត់អាល់ឌៀ នៅម៉ោងប្រហែល៩:០០នាទីយប់។ នេះបើយោងតាមទីភ្នាក់ងារ។
មុននេះបន្តិច កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហេសបូឡាហ៍បានបាញ់យន្តហោះគ្មានមនុស្សបើកផ្ទុះ ២គ្រឿងមកកាន់កងកម្លាំង IDF ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ Ali-Taher Ridge ក្នុងតំបន់សន្តិសុខនៅភាគខាងត្បូងប្រទេសលីបង់។
កងកម្លាំង IDF បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារជាការឆ្លើយតបដោយកំណត់គោលដៅទៅលើកន្លែងផ្ទុកអាវុធរបស់ក្រុមហេសបូឡាហ៍នៅក្នុងទីក្រុងណាបាទី។
កាលពីថ្ងៃព្រហស្បតិ៍ កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសលីបង់ (UNIFIL) បាននិយាយថាប្រទេសលីបង់ និងអ៊ីស្រាអែល ទទួលខុសត្រូវជាទីបំផុតចំពោះការអនុវត្តការប្តេជ្ញាចិត្តរបស់ពួកគេ ក្រោមសេចក្តីសម្រេចលេខ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលនៅតែជាក្របខ័ណ្ឌសំខាន់សម្រាប់ស្ថិរភាពនៅភាគខាងត្បូងប្រទេសលីបង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំង UNIFIL បាននិយាយថាគោលការណ៍ដែលគាំទ្រដល់សេចក្តីសម្រេចនេះ រួមមានការគោរពចំពោះខ្សែបន្ទាត់ពណ៌ខៀវដែលជាខ្សែព្រំដែនដែលកំណត់ដោយអង្គការសហប្រជាជាតិរវាងប្រទេសលីបង់ និងអ៊ីស្រាអែល ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០០ ការបញ្ឈប់អរិភាព ការដកទ័ពរបស់អ៊ីស្រាអែលចេញពីទឹកដីលីបង់ និងការពង្រីកអំណាចរដ្ឋលីបង់លើប្រទេសទាំងមូល៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





