ជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងប្រធានរដ្ឋសភាម៉ាឡេស៊ីផ្តោតសំខាន់ទៅលើទំនាក់ទំនងទ្វេភាគី និងបរិបទនៃបញ្ហាកង្វល់របស់ពិភពលោក
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Tan Sri Dato JOHARI BIN ABDUL ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជំនួបពិភាក្សាបានផ្តោតសំខាន់ទៅលើទំនាក់ទំនងទ្វេភាគី និងបរិបទនៃបញ្ហាកង្វល់របស់ពិភពលោក។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ។

ក្នុងជំនួបនេះ សម្ដេចតេជោបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ីដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ ហើយជាការឆ្លើយតបឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ីបានកោតសរសើរពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោតាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី រហូតមកដល់សម្ដេចមហាបវធិបតី ជានាយករដ្ឋមន្ត្រីបន្តវេននាពេលបច្ចុប្បន្ននេះ។ ឯកឧត្តមមានប្រសាសន៍ថា ការលះបង់របស់សម្ដេចនាពេលកន្លងទៅបានក្លាយជាមេរៀនមួយដ៏មានសារៈសំខាន់ ហើយថាឯកឧត្តមមិននឹកស្មានថាប្រទេសកម្ពុជាមានការរីកចម្រើនដូចសព្វថ្ងៃនេះទេ។
ឯកឧត្តម Tan Sri Dato JOHARI BIN ABDUL ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ក៏បានអបអរសាទរចំពោះកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២នេះ និងបានជូនពរឱ្យកិច្ចប្រជុំនេះទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់៕
ដោយ៖ ចាន់ សុភឿន





