ឯកឧត្តម ខូវ ឆាយ៖ ការប្រកួតគុនខ្មែរជើងឯកអាស៊ី លើកទី១ ជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ ឆ្លុះបញ្ចាំងពីក្បាច់គុនដ៏ចំណាស់ និងជាមរតកវប្បធម៌បុព្វបុរសខ្មែរ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦--ព្រឹត្តិការណ៍គុនខ្មែរជើងឯកអាស៊ី លើកទី១ ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យគុនខ្មែរ ដោយព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញថា គុនខ្មែរដែលជាក្បាច់គុនដ៏ចំណាស់ និងជាមរតកវប្បធម៌របស់បុព្វបុរសខ្មែរកំពុងទទួលបានការគាំទ្រការទទួលស្គាល់ និងការអភិវឌ្ឍកាន់តែទូលំទូលាយនៅក្នុងតំបន់អាស៊ី និងនៅលើឆាកអន្តរជាតិ។

នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅ Chip Mong Tower រាជធានីភ្នំពេញ ស្តីពីការបញ្ជូនកីឡាករ កីឡាការិនីគុនខ្មែរកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍គុនខ្មែរជើងឯកទ្វីបអាស៊ី លើកទី១ ពីថ្ងៃទី០១-០៨ ខែកញ្ញា ឆ្នាំ២០២៦ ឆ្នាំ២០២៦ នៅប្រទេសវៀតណាម ខណៈអ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានអញ្ជើញចូលរួមកម្មវិធីនេះបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង និងប្រកាសឧបត្ថម្ភទាំងស្រុងដល់ដំណើរចេញទៅប្រកួត នៅវៀតណាម លើកនេះ។

ឯកឧត្តម ខូវ ឆាយ បានលើកឡើងទៀតថា សន្និសីទសារព័ត៌មាននេះ មានគោលបំណងផ្តល់ព័ត៌មានជាផ្លូវការជូនដល់សាធារណជន អ្នកគាំទ្រគុនខ្មែរ និងស្ថាប័នសារព័ត៌មានអំពីការត្រៀមលក្ខណៈ កម្លាំងចូលរួម និងគោលដៅរបស់គណៈប្រតិភូកីឡាគុនខ្មែរកម្ពុជា ក្នុងការបំពេញបេសកកម្មកីឡាដ៏មានសារៈសំខាន់នេះ។ «ការរៀបចំការប្រកួតជើងឯកទ្វីបអាស៊ីជាលើកដំបូងនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការកសាងប្រព័ន្ធ ប្រកួតប្រជែងកម្រិតទ្វីប ពង្រឹងសមត្ថភាពអត្តពលិក គ្រូបង្វឹក និងមន្រ្តីបច្ចេកទេស ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការរវាង សហព័ន្ធ និងអង្គការកីឡាគុនខ្មែរនៃបណ្តាប្រទេសក្នុងតំបន់អាស៊ី។ ការចូលរួមប្រកួតលើកនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរនឹងបញ្ជូនកីឡាករ កីឡាការិនីសរុបចំនួន ៦៦នាក់ និងគណៈប្រតិភូ គ្រូបង្វឹក ព្រមទាំងមន្រ្តីបច្ចេកទេសសរុបចំនួន ២២នាក់។ ដូច្នេះគណៈប្រតិភូកីឡាគុនខ្មែរកម្ពុជាទាំងមូលមាន សរុប៨៨នាក់»។

ប្រធានសហព័ន្ធរូបនេះសង្កត់ធ្ងន់បែបនេះថា៖ «តួលេខនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងការផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនីរបស់យើងបានចូលរួមប្រកួតប្រជែងដកស្រង់បទពិសោធន៍ និងបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិ។ ការបញ្ជូនកីឡាករ កីឡាការិនីគុនខ្មែរកម្ពុជាទៅចូលរួមព្រឹត្តិការណ៍គុនខ្មែរជើងឯកទ្វីបអាស៊ី លើកទី១ ឆ្នាំ២០២៦នេះទទួលបានការឧបត្ថម្ភទាំងស្រុងពីក្រុមហ៊ុនខ្មែរប៊ែវើរីជីស។ ក្នុងនាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គណៈប្រតិភូ គ្រូបង្វឹក មន្រ្តីបច្ចេកទេស កីឡាករ និងកីឡាការិនីទាំងអស់ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានផ្តល់ការឧបត្ថម្ភដ៏ថ្លៃថ្លា និងពោរពេញដោយអត្ថន័យសម្រាប់បេសកកម្មនេះ»។
ឯកឧត្តម ខូវ ឆាយ លើកឡើងទៀតថា ការឧបត្ថម្ភរបស់ក្រុមហ៊ុនមិនត្រឹមតែជាការចូលរួមដោះស្រាយនូវតម្រូវការចាំបាច់សម្រាប់ការបញ្ជូនអត្តពលិកទៅចូលរួមប្រកួតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចលករដ៏សំខាន់ក្នុងការ លើកទឹកចិត្តដល់កីឡាករ កីឡាការិនី ឱ្យមានទំនុកចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញបេសកកម្មដណ្តើមជ័យលាភី និងកិត្តិយសជូនជាតិមាតុភូមិ។ ការរគាំទ្រនេះក៏បង្ហាញឱ្យឃើញពីការចូលរួមប្រកបដោយការទទួលខុសត្រូវរបស់វិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យកីឡាជាតិ ការលើកកម្ពស់ធនធានអត្តពលិក និងការផ្សព្វផ្សាយគុនខ្មែរ ដែលជាមរតកក្បាច់គុនដ៏មានតម្លៃរបស់បុព្វបុរសខ្មែរឱ្យកាន់តែល្បីល្បាញនៅលើឆាកអាស៊ី និងពិភពលោក។ ជាមួយគ្នានេះ ឯកឧត្តមបានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំង ៦៦នាក់ ដែលត្រូវចេញទៅតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ត្រូវចងចាំថា ប្អូនៗមិនត្រឹមតែជាអ្នកចូលរួមប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាតំណាងរបស់ជាតិ ជាអ្នកតំណាងឱ្យគុនខ្មែរ និងជាឯកអគ្គរាជទូតវប្បធម៌របស់កម្ពុជាផងដែរ។ ដូច្នេះ សូមប្អូនៗទាំងអស់ប្រកាន់ខ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្នូរ សាមគ្គីភាព និងស្មារតីទទួលខុសត្រូវខ្ពស់។ ត្រូវគោរពបទបញ្ជា ប្រកួត គោរពគណៈកម្មការបច្ចេកទេស គោរពគូប្រកួត និងប្រកួតដោយស្មារតីកីឡាយុត្តិធម៌។

ឯកឧត្តមលើកឡើងថា ការចូលរួមរបស់គណៈប្រតិភូកីឡាគុនខ្មែរកម្ពុជាលើកនេះ មិនមែនផ្តោតតែលើការដណ្តើមមេដាយ និងជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែមានគោលបំណងសំខាន់ៗចំនួនប្រាំ៖ ទី១៖ ដើម្បីបង្ហាញសមត្ថភាព បច្ចេកទេស និងសក្តានុពលរបស់កីឡាករ កីឡាការិនីគុនខ្មែរកម្ពុជា នៅលើឆាកកីឡាទ្វីបអាស៊ី។ ទី២៖ ដើម្បីផ្តល់ឱកាសដល់អត្តពលិក គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និងមន្រ្តីបច្ចេកទេសដកស្រង់បទពិសោធន៍ថ្មីៗ និងលើកកម្ពស់គុណភាពបច្ចេកទេសឱ្យកាន់តែប្រសើរ។ ទី៣៖ ដើម្បីផ្សព្វផ្សាយគុនខ្មែរ ដែលជាក្បាច់គុនដូនតា និងជាអត្តសញ្ញាណវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជាឱ្យកាន់តែល្បីល្បាញនៅក្នុងតំបន់អាស៊ី និងនៅទូទាំងពិភពលោក។ ទី៤៖ ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ច សហប្រតិបត្តិការកីឡា រវាងប្រទេសកម្ពុជា និងប្រទេស វៀតណាម ក៏ដូចជាជាមួយបណ្តាប្រទេសជាសមាជិកគុនខ្មែរ នៅទ្វីបអាស៊ី។ ទី៥៖ ដើម្បីកសាងធនធានកីឡាករ កីឡាការិនីជំនាន់ថ្មី ត្រៀមចូលរួមព្រឹត្តិការណ៍កីឡាកម្រិតតំបន់ ទ្វីប និងពិភពលោកនា ពេលអនាគត៕
ដោយ ហេង ណាលីន





