សម្តេចប្រធានរដ្ឋសភា៖ ISC-2 ជាការចងក្រងបណ្តាញអ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ -- សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមការដឹកនាំរៀបចំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធាន ISC-2 គឺជាការចងក្រងបណ្តាញអ្នកស្រឡាញ់សន្តិភាព ដើម្បីធ្វើយ៉ាងណាប្រែក្លាយទស្សនៈ យោបល់ឱ្យទៅជាការអនុវត្តជាក់ស្តែង នាំមកនូវផលប្រយោជន៍ជូនពលរដ្ឋតាមរយៈការស្តារទំនុកចិត្ត ការជឿជាក់ យោគយល់គ្នា ពង្រឹងការគោរពច្បាប់អន្តរជាតិឡើង វិញ នៅក្នុងខណៈដែលពិភពលោកកំពុងរងនូវវិបត្តិការប្រែប្រួលប្រកប ដោយគ្រោះថ្នាក់ ដោយសារសណ្តាប់ធ្នាប់សកលបានធ្លាក់ចុះ រួមនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុ ជាដើមនោះ។

សម្តេចបានលើកឡើងដូច្នេះ នៅក្នុងឱកា សទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Sounthone Xayyachak ប្រធានរដ្ឋសភាឡាវស្តីទី នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅអគារអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងសង្កាត់ជ្រោយចង្វារ ខណៈដែលលោកជំទាវ បានដឹកនាំគណៈប្រតិភូរដ្ឋសភាឡាវ មកចូលរួមសន្និសីទ ISC-2 តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន និងក្នុងនាមខ្លួនសម្តេចផ្ទាល់ សម្តេចរដ្ឋសភា ធិបតី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនលោកជំទាវ Sounthone Xayyachak ដែលបានដឹកនាំគណៈប្រតិភូមកចូលរួមសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ និងបានឆ្លៀតពេលវេលាដ៏មមាញឹកមកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចនៅពេលនេះ។ ដំណើរទស្សនកិច្ចរបស់លោកជំទាវនៅកម្ពុជានាពេលនេះ ពិតជាមានសារៈសំខាន់ នៅក្នុងការអនុវត្តកុងសង់ស៊ីស ដែលជាការឯកភាពគ្នារបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរនាពេលកន្លងមក ក៏ដូចជាជួយគាំទ្រឱ្យសន្និសីទ ISC-2 ដំណើរការទៅដោយរលូន ទទួលបានធាតុចូលចម្រុះគ្នា ពីអ្នកស្រឡាញ់សន្តិភាពទាំងអស់នៅទូទាំងពិភពលោក ក្នុងការបម្រើឧត្តមប្រយោជន៍ជូនពលរ ដ្ឋ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងឱកាសពិធីបើកសន្និសីទដូច្នេះថា ការជួបជុំរបស់យើងនៅក្នុងសាលសន្និសីទដ៏ឧត្តុង្គឧត្តមនេះ មិនមែនដើម្បីផ្លាស់ប្ដូរពាក្យសម្តីលួងលោមចិត្ត ឬផ្តល់នូវក្ដីសង្ឃឹមដែលគ្មានការពិតនោះទេ។ យើងមកទីនេះ ក្នុងនាមជាតំណាងដែលត្រូវបានជ្រើសរើសដោយប្រជាជនរបស់យើង ក្នុងនាមជាអ្នកតាក់តែងច្បាប់ និងជាអ្នកការពារជោគវាសនានៃប្រជាជាតិរបស់យើង។ កាតព្វកិច្ចរបស់យើង គឺត្រូវពិនិត្យមើលស្ថានភាពពិភពលោកដោយភាពស្មោះត្រង់ តាមរយៈក្រសែភ្នែកនៃតថភាពនិយមដ៏ម៉ឺងម៉ាត់។ ជំហររបស់យើងចំពោះមុខភូមិសាស្ត្រនយោបាយសកលដ៏ច្របូកច្របល់នាពេលបច្ចុប្បន្ននេះ គឺត្រូវផ្អែកលើផ្នត់គំនិតជាក់ស្តែងនិយមដ៏ជ្រាលជ្រៅមួយ ដែលកំណត់ថា «យើងត្រូវត្រៀមខ្លួនសម្រាប់ស្ថានភាពដែលអាក្រក់បំផុត ទន្ទឹមនឹងការប៉ងប្រា ថ្នាចង់បាននូវស្ថានភាពដែលល្អបំផុត»។

លោកជំទាវ SounthoneXayyachak បានថ្លែងអំណរគុណជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភាឡាវ ដោយភាពកក់ក្តៅជាទីបំផុត។
លោកជំទាវ វាយតម្លៃខ្ពស់ ចំពោះការរៀបចំសន្និសីទ ISC-2 របស់កម្ពុជា ប្រកបដោយភាពម៉ត់ចត់ មានអត្ថន័យ ដែលបានបង្ហាញឱ្យឃើញពីកិត្យានុភាពនិងតួនាទីដ៏សំខាន់ របស់កម្ពុជាលើឆាក អន្តរជាតិ ពិសេសការលើកកម្ពស់សុខសន្តិភាព។
លោកជំទាវ បានទទួលស្គាល់ពីតម្លៃសន្តិភាពថាពិតជាសំខាន់ណាស់។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ និងគ្មានអ្វីៗទាំងអស់។ កម្ពុជា និងឡាវ មានប្រវត្តិ សាស្ត្រប្រហាក់ប្រហែលគ្នា ឆ្លងកាត់សង្គ្រាមដូចគ្នា ដូច្នេះបានស្គាល់ច្បាស់ពីតម្លៃសន្តិភាព។
លោកជំទាវ Sounthone Xayyachak ក៏ថ្លែងកោតសរសើរយ៉ាងក្រៃលែងចំពោះការរីកចម្រើនរបស់កម្ពុជាគ្រប់វិស័យ។
ជាថ្មីម្តងទៀត លោកជំទាវ បានថ្លែងអំណរ គុណជូន បក្ស រដ្ឋ និងរដ្ឋសភាកម្ពុជា ដែលបានចាត់តាំងសម្តេចប្រធានរដ្ឋសភា អញ្ជើញចូលរួមគោរពវិញ្ញាណ ក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន (Xaysomphone Phomvihane) អតីតប្រធានរដ្ឋសភាឡាវ កាលពីពេលថ្មីៗនេះ។ ដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភានៅក្នុងឱកាសដែលពលរដ្ឋឡាវមានទុក្ខលំបាកនេះ បានបង្ហាញយ៉ាងច្បាស់ពីទឹកចិត្ត និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅនៃប្រជាជនកម្ពុជា-ឡាវ ដែលតែងតែជួយគ្នា គាំទ្រគ្នា នៅគ្រប់កាលៈទេសៈ តាំងពីដើមរហូតមក។
សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ ប្រធានរដ្ឋសភាឡាវស្តីទី បានពិភាក្សាការងារជាមួយគ្នាប្រកបដោយភាពស្និទ្ធស្នាល យោគយល់ និងជាក់ស្តែង ក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រ តិបត្តិការប្រទេសទាំងពីរ ទាំងនៅស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដោយយកពលរដ្ឋជាស្នូល។ ក្នុងក្របខណ្ឌរដ្ឋសភា ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរ សន្យាថានឹងបន្តជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកគ្រប់កម្រិត និងគាំទ្រគ្នាលើវេទិកាអន្តរសភានានា ពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន។ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងឡាវ ក៏បានឯកភាពគ្នាលើការកែសម្រួលអនុស្សរណៈស្តីពីការយោគយល់គ្នារបស់រដ្ឋសភាប្រទេសទាំងពីរ ដែលបានចុះហត្ថលេខានាពេលកន្លងមកនោះ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែង និងតម្រូវការរបស់ប្រជាព លរដ្ឋទាំងសង ខាងផងដែរ៕
ដោយ៖ ប៊ុនរិទ្ធ





