អភិបាលខេត្តព្រះសីហនុអញ្ជើញជួបសំណេះសំណាល លើកទឹកចិត្តមន្ត្រីនៃមន្ទីររៀបចំដែនដីខេត្ត
AKP ព្រះសីហនុ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦--នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញសំណេះសំណាល លើកទឹកចិត្តជាមួយមន្ត្រី នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងមន្ត្រីស្ម័គ្រចិត្តចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅរដ្ឋបាលខេត្តព្រះសីហនុ នៅសាលប្រជុំមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

លោក ចេង ស្រ៊ុង ប្រធាន មន្ទីររៀបចំដែនដីនគរូប នីយកម្ម និងសំណង់ខេត្តព្រះសីហនុបានរាយការណ៍ស្តីពីវឌ្ឍនភាពការ ងាររបស់មន្ទីរដែនដី មានបុគ្គលិក ៨១នាក់ ស្រី ១៥នាក់ មន្ត្រីកិច្ចសន្យា ២នាក់ ស្រី និងអ្នកស្ម័គ្រចិត្តពី៥០ ទៅ៦០នាក់ ចែកជា ៦ការិយាល័យ ។ ការបំរើសេវាចុះបញ្ជីដីធ្លី និងឈានចេញបណ្ណកម្មសិទ្ធអចលនវត្ថុនៅទូទាំងខេត្តសល់ ១០០៧១បណ្ណ ធ្លាក់ចុះមកនៅសល់ ៩ ៦៧១បណ្ណ ក្នុងចំណោមជិត ១ម៉ឺនបណ្ណនេះ ប្រជាពលរដ្ឋបានមកដកបណ្ណបានចំនួន ៣ ០១០បណ្ណ នៅសល់ជាង៦ពាន់បណ្ណទៀត ហើយម្ចាស់បណ្ណខ្លះគាត់បំបែកពុះឡូ ដែលមានអ្នកខ្លះមានជាង ៦០០បណ្ណ មន្ទីរបានរៀបចំឯកសាររួចរាល់បញ្ជូនទៅសាខាពន្ធដារ នៅរង់ចាំពួកគាត់មកដកយកបណ្ណទៅបង់ពន្ធ ហើយមន្ត្រីរបស់យើងនិងជួយសម្របសម្រួលជូនដោយមិនគិតពីពេលវាលានោះទេ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មកទទួលសេវាដកបណ្ណបានលឿន ឆាប់។

ឯកឧត្តម ម៉ាង ស៊ីណេតអភិបាលខេត្តព្រះសីហនុបានធ្វើការសំណេះសំណាល ព្រមទាំងបានលើកទឹកចិត្តចំពោះមន្ត្រីចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ និងមន្ត្រីស្ម័គ្រចិត្តដែលបានខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រោះបញ្ហាដីធ្លីជារឿងសំខាន់ហើយរសើប យើងត្រូវមានឯកសារអចលនវត្ថុ (បណ្ណកម្មសិទ្ធ)ដូចជា ១.បណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ២.ពាក់ព័ន្ធហិរញ្ញវត្ថុ ៣.ធានាមិនមានជម្លោះដីធ្លី ជួយកាត់បន្ថយទំនាស់ដីធ្លី។ កិច្ចការនេះបង្ហាញពីការយកចិត្តទុកដាក់របស់មន្ត្រីរបស់យើងគ្រប់រូបដែលបានបំពេញកាតព្វកិច្ចក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលខេត្ត ក៏ បានថ្លែងអំណគុណ ព្រមទាំងកោតសរសើរមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងអ្នកស្ម័គ្រចិត្ត នៃមន្ទីរដែនដីដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនជំរុញការផ្តល់ សេវាឱ្យបានលឿន ការចេញប្លង់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ យើងត្រូវខិតខំទាំងអស់គ្នាដោយសេចក្តីថ្លៃថ្នូរ យើងជាមន្ត្រីរាជការ ជាអ្នកបំរើសេវាប្រជាពលរដ្ឋ ហើយការងារ ដែលនៅសេសសល់ត្រូវរួមគ្នាពន្លឿន និងបញ្ចប់នាពេលខាងមុខ ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់ថវិកាចំនួន ១០លានរៀលជូនមន្ត្រីរាជការ និងអ្នកស្ម័គ្រចិត្តនៃមន្ទីរដែនដី ដែលជាការលើកទឹកចិត្តបំពេញការងារនាពេលកន្លងមក ៕
ដោយ ងូ សុមុនី





