ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ីកើនឡើងដល់ ១០៥នាក់ និងជិត ១៨០.០០០នាក់ត្រូវជម្លៀសចេញ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ -- ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកាលពីសប្តាហ៍មុននៅប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់ ១០៥នាក់ ខណៈដែលមនុស្សជិត ១៨០.០០០នាក់ត្រូវបានជម្លៀសចេញនៅក្នុងខេត្តនូសាតេងហ្ការ៉ាខាងកើត។ នេះបើយោងតាមមន្ត្រីម្នាក់បានប្រាប់សារព័ត៌មានអាណាដូលូ កាលពីថ្ងៃពុធ។
លោក បឺរតុន ប៉ាន់ចៃតាន់ ប្រធានមជ្ឈមណ្ឌលទំនាក់ទំនងនៅទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា «ចំនួនអ្នកជម្លៀសចេញបានកើនឡើងដល់ ១៧៩.០៣៧នាក់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយកម្រិត៧,៧រ៉ិចទ័របានវាយប្រហារប្រទេសនេះកាលពីថ្ងៃទី១៥ ខែសីហា»។
ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយនេះ ក៏បានកើនឡើងផងដែរដោយចំនួនអ្នកស្លាប់បានកើនឡើងដល់ ១០៥នាក់ និងចំនួនអ្នករងរបួសបានកើនឡើងដល់ ១.៦៧៨នាក់។
ប្រតិបត្តិការជួយសង្គ្រោះ និងការចែកចាយជំនួយនៅតែបន្តដំណើរការនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត។
គ្រោះរញ្ជួយដីនេះបានបង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំងនៅទូទាំងខេត្តនូសាតេងហ្ការ៉ាខាងកើត ដែលជាទីតាំងនៃមជ្ឈមណ្ឌលទេសចរណ៍ដ៏លេចធ្លោនៃខេត្តឡាប៊ូន បាចូ ដោយបានបន្សល់ទុកផ្ទះ និងអគារចំនួន៣៦.១៦៣ខ្នងរងការខូចខាត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





