មនុស្ស ៩៥នាក់បានស្លាប់ និង ៤៨៤នាក់បាត់ខ្លួនក្នុងគ្រោះទឹកជំនន់នៅភាគខាងជើងប្រទេសនេប៉ាល់
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ -- យោងតាមការចុះផ្សាយរបស់ការិយាល័យនាយករដ្ឋមន្ត្រីនេប៉ាល់ បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៩៥នាក់បានស្លាប់ និង ៤៨៤នាក់ផ្សេងទៀតនៅតែបាត់ខ្លួនក្នុងគ្រោះទឹកជំនន់ដ៏ធំមួយនៅភាគខាងជើងប្រទេសនេប៉ាល់ កាលពីថ្ងៃពុធ។
យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យបានឱ្យដឹងថាក្នុងចំណោមអ្នកបាត់ខ្លួនមានអ្នកទេសចរបរទេសចំនួន ៣៩១នាក់ និងជនជាតិនេប៉ាល់ចំនួន ៩៣នាក់។ យោងតាមកំណត់ត្រារបស់ក្រុមប្រឹក្សាទេសចរណ៍នេប៉ាល់ បានឱ្យដឹងថា ជនបរទេសដែលបាត់ខ្លួនរួមមានជនជាតិឥណ្ឌា១៣៤នាក់ ជនជាតិអាមេរិក ៤៧នាក់ ជនជាតិអង់គ្លេស ៣៣នាក់ និងជនជាតិអូស្ត្រាលី ៣៤នាក់។
មុននេះ លោក រ៉ាជេនដ្រា ប្រាសាដ ដាម៉ាឡា (Rajendra Prasad Dhamala) អ្នកនាំពាក្យរបស់ប៉ូលីសខេត្តបាកម៉ាទី បាននិយាយថា កងកម្លាំងសន្តិសុខបានជួយសង្គ្រោះមនុស្សចំនួន ៨៨ នាក់ពីតំបន់ដែលរងផលប៉ះពាល់។
លោក បាលេនដ្រា សាហ៍ (Balendra Shah) នាយករដ្ឋមន្ត្រីនេប៉ាល់បានកោះប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់មួយ ដើម្បីពិភាក្សាអំពីវិធានការជួយសង្គ្រោះ និងផ្តល់ជំនួយ។
កងទ័ពនេប៉ាល់ដែលគាំទ្រដោយកងកម្លាំងសន្តិសុខផ្សេងទៀតបានបង្កើនប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅក្នុងស្រុកដែលរងផលប៉ះពាល់។
ការខូចខាតដ៏អាក្រក់បំផុតត្រូវបានរាយការណ៍នៅក្នុងខេត្តរ៉ាស៊ូវ៉ា ជាកន្លែងដែលទឹកជំនន់បានបោកបក់យកផ្ទះជាច្រើនខ្នង បំផ្លាញទីផ្សារគម្រោងវារីអគ្គិសនី ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
មន្ត្រីបាននិយាយថា ទន្ទឹមនឹងនេះ អាជ្ញាធរនៅរដ្ឋប៊ីហារ ភាគខាងកើតនៃប្រទេសឥណ្ឌាកាលពីថ្ងៃពុធបានបង្កើនការត្រៀមខ្លួនបន្ទាប់ពីទឹកជំនន់ភ្លាមៗបានបង្កការបំផ្លិចបំផ្លាញនៅក្នុងប្រទេសនេប៉ាល់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





