ឡាតវីនឹងហាមឃាត់ការនាំចូលទំនិញឧស្សាហកម្មមួយចំនួនពីរុស្ស៊ី និងបេឡារុស្ស
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ -- រដ្ឋាភិបាលឡាតវីកាលពីថ្ងៃអង្គារបានអនុម័តការហាមឃាត់ការនាំចូលទំនិញឧស្សាហកម្មជាច្រើនប្រភេទពីប្រទេសរុស្ស៊ី និងបេឡារុស្សចាប់ពីថ្ងៃទី១ ខែកញ្ញា។
យោងតាមក្រសួងការបរទេសឡាតវីបានឱ្យដឹងថា ការហាមឃាត់នេះគ្របដណ្តប់លើសៀវភៅបោះពុម្ព កាសែត និងសម្ភារៈបោះពុម្ពសម្លៀកបំពាក់ និងផលិតផលវាយនភណ្ឌផ្សេងទៀត ស្បែកជើង មួក ប្រដាប់ក្មេងលេង ហ្គេម និងឧបករណ៍កីឡា។
បទប្បញ្ញត្តិដែលស្នើឡើងដោយក្រសួង និងត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី ក៏នឹងអនុវត្តន៍ចំពោះទំនិញដែលមានប្រភពដើមពីរុស្ស៊ី ឬបេឡារុស្សដែលនាំចូលទៅក្នុងប្រទេសឡាតវីតាមរយៈប្រទេសទីបីផងដែរ។
ក្រសួងការបរទេសបាននិយាយថា វិធានការនេះមានគោលបំណងការពារផលប្រយោជន៍សន្តិសុខរបស់ប្រទេសឡាតវី ដោយក្រសួងបានបន្ថែមថា ទំនិញដែលគ្របដណ្តប់ដោយការហាមឃាត់នេះអាចជំនួសបានដោយផលិតផលពីទីផ្សារផ្សេងទៀត។
ប្រទេសឡាតវីបានកាត់បន្ថយទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងខ្លាំងជាមួយប្រទេសរុស្ស៊ី និងបេឡារុស្សចាប់តាំងពីឆ្នាំ២០២២។ ទិន្នន័យផ្លូវការបានបង្ហាញថា តម្លៃនៃការនាំចូលបានធ្លាក់ចុះ ៩១% មកនៅត្រឹម ១៩៣លានអឺរ៉ូ (២២៥លានដុល្លារអាម៉េរិក) ក្នុងឆ្នាំ២០២៥ ពី ២,១២៩ ប៊ីលានអឺរ៉ូ (២,៥ប៊ីលានដុល្លារអាម៉េរិក) ក្នុងឆ្នាំ២០២២៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





