សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាពជាដើមទុនដ៏មានតម្លៃបំផុតរបស់ប្រទេសជាតិ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ -- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រវត្តិដ៏ឈឺចាប់ និងការរស់រៀនមានជីវិតឡើងវិញដ៏គួរឱ្យគួរឱ្យស្ញប់ស្ញែងរបស់ប្រជាជនកម្ពុជាបានផ្ដល់នូវសច្ចភាពជាមូលដ្ឋាន និងជាសាកលមួយ និងសន្តិភាពជាដើមទុនដ៏មានតម្លៃបំផុតរបស់ប្រទេសជាតិ។

ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះបើកជាផ្លូវការសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នាព្រឹកថ្ងៃទី២៧ ខែសីហានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់កសាងសេចក្ដីថ្លៃថ្នូរ របស់មនុស្ស ការលើកកម្ពស់យុត្តិធម៌សង្គម ស្ថេរភាពស្ថាប័ននិងការរីកចម្រើនប្រកបដោយចីរភាព។ សម្រាប់កម្ពុជាសន្តិភាពដែលរកបានមកយ៉ាងលំបាកលំបិន សម្រេចបានតាមរយៈនយោបាយ ឈ្នះឈ្នះ ជាប្រវត្តិសាស្ត្ររបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ១៩៩៨ ដែលបានបញ្ចប់នូវជម្លោះសោកនាដកម្ម និងការបែកបាក់ជាតិអស់រយៈពេលជាច្រើនទសវត្ស។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអះអាងថា« សន្តិភាពគឺជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍ និងភាពរីកចម្រើន សន្តិភាពចាំបាច់ត្រូវទទួលបានការការពារនៅលើឆាកអន្តរជាតិ និងដោយច្បាប់ហើយត្រូវធានាឱ្យមានចីរភាពតាមរយៈស្ថាប័នដែលមានភាពធនរឹងមាំ»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា សន្តិភាពក៏ចាំបាច់ត្រូវប្រែក្លាយជាវិបុលភាពរួម និងការរីកចម្រើនជាក់ស្ដែងនូវជីវភាពរស់នៅរបស់ប្រជាជន។ «សម្រាប់កម្ពុជា ទស្សនៈនេះកើតចេញពីបវត្តិសាស្ត្ររបស់យើងផ្ទាល់ដែលយើងបានឆ្លងកាត់បទពិសោធន៍ពីសង្គ្រាមទៅសន្តិភាព ពីសន្តិភាពទៅការអភិវឌ្ឍ ជាពិសេសថ្មីៗនេះ គឺពីការម្លឹកដ៏ឈឺចាប់មួយថា ទោះបីជាសន្តិភាពរក្សាឱ្យមានស្ថរិភាពយូរអង្វែងយ៉ាងណាក៏ដោយ ក៏យើងមិនអាចមើលស្រាលពីតម្លៃនៃសន្តិភាពបានឡើយ»៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ ក្រុមការងារ AKP





