ប្រមុខ UN ថ្កោលទោសការសម្លាប់កងកម្លាំងរក្សាសន្តិភាព ២នាក់នៅប្រទេសស៊ូដង់ខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ -- អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អានតូញ៉ូ ហ្គូធឺរែស (Antonio Guterres) បាននិយាយថា លោកថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្លាប់កងកម្លាំងរក្សាសន្តិភាព ២នាក់នៅប្រទេសស៊ូដង់ខាងត្បូង។
អ្នកនាំពាក្យលោក ស្តេហ្វេន ឌូចារីក (Stephane Dujarric) បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អគ្គលេខាធិការសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយឆ្មក់ដោយបុគ្គលប្រដាប់អាវុធដែលមិនស្គាល់អត្តសញ្ញាណទៅលើការល្បាតរបស់បេសកកម្មអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង (UNMISS) ក្នុងរដ្ឋចុងឡី ប្រទេសស៊ូដង់ខាងត្បូង»។
អ្នកនាំពាក្យរូបនេះបាននិយាយថា កងកម្លាំងរក្សាសន្តិភាពអេត្យូពី២នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ខណៈដែលមនុស្ស ៧នាក់ផ្សេងទៀតបានរងរបួស រួមមានកងកម្លាំងរក្សាសន្តិភាពអេត្យូពី ៣នាក់ មន្ដ្រីប៉ូលីសស៊ូដង់ខាងត្បូង ២នាក់ និងបុគ្គលិកស៊ីវិលអង្គការ UNMISS ២នាក់។
អ្នកនាំពាក្យរូបនេះបាននិយាយថា «អគ្គលេខាធិការរំលឹកថាការវាយប្រហារប្រឆាំងនឹងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិអាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម។ ការវាយប្រហារទាំងអស់លើកងកម្លាំងរក្សាសន្តិភាពត្រូវតែស៊ើបអង្កេតជាបន្ទាន់ ហើយអ្នកដែលប្រព្រឹត្តត្រូវតែត្រូវបានចោទប្រកាន់ និងទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាព»។
អ្នកនាំពាក្យបាននិយាយថា លោក ហ្គូធឺរែស បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសាររបស់អ្នកដែលត្រូវបានសម្លាប់និងសូមជូនពរឱ្យអ្នករងរបួសទាំងអស់ឆាប់ជាសះស្បើយ។ លោកបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិក្នុងការឈរជាមួយជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេក្នុងអំឡុងពេលដ៏លំបាកនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





