អាជ្ញាធរខេត្តបន្ទាយមានជ័យជំរុញការឆ្លើយតបរួមគ្នាដើម្បីឈានទៅបញ្ចប់ការរាលដាលនៃមេរោគអេដស៍
AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦--ការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ មិនមែនជាបន្ទុករបស់វិស័យសុខាភិបាលតែមួយឡើយ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់អាជ្ញាធរ មន្ទីរ-អង្គភាព កងកម្លាំង ស្ថាប័នសុខាភិបាល អង្គការដៃគូ និងសហគមន៍ទាំងមូល។ នេះជាចំណុចសំខាន់ដែលបានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យបច្ចុប្បន្នភាព លទ្ធផលនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រ «ទីក្រុងរួមគ្នាពន្លឿនការឆ្លើយតប ដើម្បីបញ្ចប់ការរាលដាលជំងឺអេដស៍»។
នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យុត ស្វីនី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង ស្រុក និងក្រុមគ្រូពេទ្យ សរុបប្រមាណជាង ១០០នាក់។

ក្នុងឱកាសនេះ ឯកឧត្តម យុត ស្វីនី បានផ្តោតសំខាន់លើការពង្រឹងការចូលរួមរបស់គ្រប់ភាគីក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ដោយចាត់ទុកថា ការបញ្ចប់ការរីករាលដាលនៃជំងឺអេដស៍ ទាមទារឱ្យមានការសហការយ៉ាងជិតស្និទ្ធ និងមានការទទួលខុសត្រូវពីគ្រប់វិស័យ។ ឯកឧត្តមបានជំរុញឱ្យសមាជិកគណៈកម្មាធិការ និងអ្នកពាក់ព័ន្ធយកលទ្ធផលដែលទទួលបានកន្លងមកធ្វើជាមូលដ្ឋាន ដើម្បីកំណត់ចំណុចខ្វះខាត និងរៀបចំវិធានការឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការងារប្រយុទ្ធនឹងមេរោគអេដស៍ត្រូវផ្តោតទាំងលើការបង្ការ ការផ្សព្វផ្សាយចំណេះដឹង ការរកឃើញអ្នកផ្ទុកមេរោគឱ្យបានទាន់ពេល ការភ្ជាប់ទៅសេវាព្យាបាល និងការថែទាំជាបន្តបន្ទាប់។ ជាមួយគ្នានេះ ត្រូវបន្តលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការរើសអើង និងការមាក់ងាយចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ ដែលជាកត្តាសំខាន់មួយក្នុងការធានាឱ្យពួកគេចូលមកទទួលសេវាសុខាភិបាលបានដោយទំនុកចិត្ត។

ចំណែកលោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត បានបង្ហាញពីសារៈសំខាន់នៃការជំរុញអនុវត្តផែនការយុទ្ធសាស្ត្រ «ទីក្រុងរួមគ្នាពន្លឿនការឆ្លើយតប ដើម្បីបញ្ចប់ការរាលដាលជំងឺអេដស៍» ឱ្យមានប្រសិទ្ធភាពនៅមូលដ្ឋាន។ លោកស្រីបានលើកឡើងថា ការអនុវត្តផែនការនេះមិនគួរឈប់ត្រឹមការរៀបចំផែនការ ឬការផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែត្រូវបម្លែងទៅជាសកម្មភាពជាក់ស្តែង ដែលអាចឈានដល់ក្រុមប្រជាជនគោលដៅ និងអ្នកដែលមានហានិភ័យបានកាន់តែទូលំទូលាយ។
លោកស្រីបានជំរុញឱ្យអាជ្ញាធរក្រុង ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ បន្តសហការជាមួយវិស័យសុខាភិបាល និងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងការអប់រំសុខភាព ការផ្តល់ព័ត៌មានត្រឹមត្រូវអំពីការបង្ការ និងការធ្វើតេស្តរកមេរោគអេដស៍ ព្រមទាំងធានាថា អ្នកដែលត្រូវការសេវាអាចទទួលបានការគាំទ្រដោយស្មើភាព និងមិនមានការរើសអើង។

លោកស្រីក៏បានគូសបញ្ជាក់ពីតួនាទីរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការងារបង្ការ និងការថែទាំអ្នករស់នៅជាមួយមេរោគអេដស៍។ ការផ្សព្វផ្សាយចំណេះដឹងត្រូវធ្វើឱ្យសមស្របតាមក្រុមគោលដៅ និងបរិបទមូលដ្ឋាន ដោយផ្តល់អាទិភាពដល់ការផ្លាស់ប្តូរឥរិយាបថ និងការបង្កើនការទទួលខុសត្រូវចំពោះសុខភាពរបស់ខ្លួន និងសហគមន៍។
កិច្ចប្រជុំក៏បានផ្តោតលើការពិនិត្យ បច្ចុប្បន្នភាព និងផលសម្រេចនៃការឆ្លើយតបនឹងមេរោគអេដស៍ក្នុងខេត្ត ដើម្បីឱ្យសមាជិកគណៈកម្មាធិការមានទិន្នន័យ និងព័ត៌មានជាក់ស្តែងសម្រាប់ធ្វើការសម្រេចចិត្ត និងកំណត់ទិសដៅការងារបន្ត។ ការពិនិត្យនេះមានសារៈសំខាន់សម្រាប់កំណត់ថា តើសកម្មភាពណាដែលកំពុងដំណើរការល្អ តើផ្នែកណាដែលនៅមានចន្លោះខ្វះខាត និងតើត្រូវបង្កើនការចូលរួមពីស្ថាប័នណាខ្លះ ដើម្បីឱ្យការឆ្លើយតបកកាន់តែមានប្រសិទ្ធភាព។
ជាពិសេស ការចូលរួមរបស់អភិបាលក្រុង ស្រុក និងមន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវបានចាត់ទុកថា ជាកម្លាំងសំខាន់ក្នុងការធ្វើឱ្យផែនការយុទ្ធសាស្ត្រចុះដល់មូលដ្ឋាន។ ព្រោះថា ការបញ្ចប់ការរាលដាលមេរោគអេដស៍មិនអាចសម្រេចបានតាមរយៈសេវាព្យាបាលតែមួយមុខទេ ប៉ុន្តែត្រូវការការងារបង្ការ ការអប់រំ ការផ្សព្វផ្សាយ ការរកឃើញ ការព្យាបាល ការថែទាំ និងការគាំទ្រផ្នែកសង្គម ដែលត្រូវដំណើរការស្របគ្នា។
ការប្រយុទ្ធនឹងមេរោគអេដស៍ក៏ត្រូវការការចូលរួមពីសហគមន៍ ដោយប្រជាពលរដ្ឋត្រូវទទួលបានព័ត៌មានត្រឹមត្រូវ និងមានលទ្ធភាពចូលដំណើរការសេវាសុខាភិបាលដោយងាយស្រួល។ ក្នុងន័យនេះ ការកាត់បន្ថយការភ័យខ្លាច ការយល់ច្រឡំ ការមាក់ងាយ និងការរើសអើង គឺជាផ្នែកមួយដ៏សំខាន់ក្នុងការធានាថា អ្នកពាក់ព័ន្ធហ៊ានស្វែងរកការធ្វើតេស្ត និងទទួលសេវាថែទាំដោយមិនមានការលាក់លៀម ឬពន្យារពេល។

ជារួម កិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបន្ទាយមានជ័យ មិនត្រឹមតែជាវេទិកាសម្រាប់បូកសរុបលទ្ធផលការងារកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់រួមគ្នាកំណត់បញ្ហាប្រឈម និងជំរុញដំណោះស្រាយជាក់ស្តែង ដើម្បីធ្វើឱ្យការឆ្លើយតបនឹងមេរោគអេដស៍កាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស។ ការចូលរួមរបស់គ្រប់ភាគី និងការអនុវត្តផែនការយុទ្ធសាស្ត្រឱ្យបានជាប់លាប់ នឹងជាចំណុចស្នូលក្នុងការរួមចំណែកឱ្យខេត្តបន្ទាយមានជ័យឈានទៅរកគោលដៅ បញ្ចប់ការរាលដាលមេរោគអេដស៍ និងធានាសុខុមាលភាពប្រជាពលរដ្ឋ៕
ដោយ ឈុន សារ៉ាត





