គណៈប្រតិភូជំនាញការជប៉ុនទៅសិក្សាឈ្វេងយល់ពីសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តម ម៉ាង ស៊ីណេត អភិ បាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិ ការវិនិ យោគខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែសីហា ឆ្នាំ២០២៦នេះបានទទួលជំនួបសម្តែងការគួរ សម និងពិភាក្សាការងារជាមួយគណៈប្រតិភូអ្នកជំនាញការជប៉ុន ដឹកនាំដោយលោក តាកាហាស៊ិ មីឈីគិ Takahashi Michiaki AOTS ក្នុងដំណើរទស្សនកិច្ចការងារនៅកម្ពុជា ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានស្វាគមន៍ និងជំរាបជូនពីសក្តានុពលភូមិសាស្ត្រ និងវិទ្យាសាស្ត្ររបស់ខេត្តមាន ៦ក្រុង ស្រុក ២៩ឃុំ សង្កាត់។ ឆ្នាំ២០២៥ ខេត្តព្រះសីហនុ មានកំណើនសេដ្ឋកិច្ច ៥ភាគរយ ខេត្តមានកោះតូច ធំ៣២ មានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ដែលត្រូវ បានប្រសិទ្ធនាមថា "ជាតារារះនាទិសនារតី" កម្ពុជា មានខេត្តតំបន់ឆ្នេរចំនួន៤ ក្នុងនោះ ខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប។ ឆ្នេរសមុទ្រកម្ពុជាត្រូវបានទទួលស្គាល់ជាឆ្នេរស្អាតពីក្លឹបឆ្នេរស្អាត លើពិភពលោក។ ឆ្នាំ២០២៦ ឆ្នេរកោះរ៉ុង នៃខេត្តព្រះសីហនុ ត្រូវបានទទួលស្គាល់ជាឆ្នេរស្រស់ស្អាតជាប់ចំណាត់ថ្នាក់លេខ ៩ផងដែរ។

ឯកឧត្តម អភិបាលខេត្តក៏បានជំរាបជូនគណៈប្រតិភូថា ខេត្តព្រះសីហនុមានផ្លូវគមនាគមន៍ដូចជា ផ្លូវទឹក ផ្លូវគោក និងផ្លូវ អាកាស ផ្លូវគោក តភ្ជាប់ទៅកាន់រាជធានីខេត្ត និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ ដោយឡែកផ្លូវទឹក និងផ្លូវអាកាសតភ្ជាប់ និងការដឹកជញ្ជូនទៅកាន់ប្រទេសក្នុងតំបន់ និងទៅកាន់ជុំវិញពិភពលោក។ ទិសដៅរបស់រាជរដ្ឋាភិបាល បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយចែកជា ៤ហ្សូន៖ ១.ដឹកជញ្ជូន និងឧស្សាហកម្ម, ២.ទីក្រុងសមាហរណ្មកម្ម រវាងក្រុងព្រះសីហនុ និងក្រុងកំពង់សោម ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងជាតំបន់រស់នៅ, ៣.តំបន់កោះ ជាតំបន់ទេសចរណ៍បែបធម្មជាតិ និង៤.តំបន់កសិកម្ម និងវារីវប្បកម្ម។ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីពិសេសជំតុញការវិនិយោគសម្រាប់ខេត្តព្រះសីហនុតែមួយគត់កាលពីឆ្នាំ២០២៤ និងបន្តដល់ឆ្នាំ២០២៧ កម្មវិធីពិសេស នេះដោយផ្តោតសំខាន់ដូចជា ១.ជួយសម្របសម្រួលដល់អ្នកវិនិយោគផ្នែករដ្ឋបាល ២.លើកទឹកចិត្តផ្នែកពន្ធ ដូចជាលើកលែងប្រាក់ពន្ធនាំចូល នាំចេញ និងពន្ធផ្សេងទៀត។

លោក តាកាហាស៊ិ មីឈីគិ Takahashi Michiaki ជំនាញការជប៉ុន AOTS បានថ្លែងអំណគុណឯកឧត្តម អភិបាលខេត្ត ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូចូលជួបសម្ដែងការគួសម និងពិភាក្សាការងារ ក្នុងគោលបំណងសិក្សា និងប្រមូលព័ត៌មានអំពីបរិយាកាសធុរកិច្ច បញ្ហាប្រឈម និងសំណូមពរនានារបស់ក្រុម ហ៊ុនជប៉ុន ដែលមានប្រតិបត្តិការធុរកិច្ចនៅកម្ពុជា។ បេសកកម្មនេះត្រូវបានរៀបចំឡើងក្រោមកម្មវិធីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងការវិនិ យោគរបស់ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សា ហកម្មជប៉ុន (METI) ហើយមានក្រុមហ៊ុនជប៉ុនចំនួន៦ ដែលមានគម្រោងវិនិយោគនៅកម្ពុជា ដោយ សំឡឹងខេត្តចំនួន២ ក្នុងនោះខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ។

លោក Takahashi Michiaki បានជំរាបជូនពីគោលបំណងវិនិយោគគ្រឿងសមុទ្រនៅខេត្តព្រះសីហនុ ពិសេសម៉ឹក និងអូស្ទរ័ ដោយសារតែការនេ សាទម៉ឹកនៅប្រទេសជប៉ុនមានការថយចុះ ទើបតម្រូវឪ្យមានការនាំចូលម៉ឹកសម្រាប់ការផ្គត់ផ្គង់ក្នុងប្រទេស។
ជាការឆ្លើយតបគណៈប្រតិភូជប៉ុន ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ខេត្តព្រះសីហនុ មានសហគមន៍នេសាទចំនួន ១៧ ហើយផលនេ សាទប្រមូលបានក្នុងមួយឆ្នាំ ៥ម៉ឺនតោន ដោយឡែក ម៉ឹកនេសាទបាន ៤ពាន់តោន ក្នុងមួយឆ្នាំ ហើយរដ្ឋបាលខេត្ត សូមស្វាគមន៍អ្នកវិនិយោគិនជប៉ុនដែល មានគោលបំណងមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ព្រោះខេត្តព្រះសីហនុ ជាទីតាំងវិនិយោគ ល្អជាងគេ ជាពិសេសការ ដឹកជញ្ជូនកាត់បន្ថយពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន យើងក៏មានអនុគណៈកម្មាធិការវិនិយោគ ចាំជួយសម្របសម្រួល ហើយខេត្តបានដាក់ចេញថា ភាពជោគជ័យរបស់អ្នក វិនិយោគ គឺជាភាពជោគ ជ័យរបស់រដ្ឋបាលខេត្ត យើងបន្តលើកទឹកចិត្តដល់អ្នកវិនិយោគចាស់ និងទាក់ទាញអ្នកវិនិយោគថ្មីមកកាន់ខេត្តព្រះសីហនុ ៕

ដោយ ងូ សុមុនី





