ឯកឧត្តម ឆាយ ឫទ្ធិសែន រួមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្ដីបច្ចេកទេស អញ្ជើញទៅពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវជនបទចំនួន៤ខ្សែ និងស្ពានបេតុង ១កន្លែង នៅក្នុងខេត្តពោធិ៍សាត់
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដមជាថ្នាក់ដឹកនាំក្រសួង មន្រ្ដីបច្ចេកទេស និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ នាថ្ងៃពុធទី២៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញទៅពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវជនបទចំនួន ៤ខ្សែ និងស្ពានបេតុង ១កន្លែង ស្ថិតក្នុងខេត្តពោធិ៍សាត់ រួមមាន៖
ខ្សែទី១៖ ឈ្មោះផ្លូវលាំងត្រាច-ស្វាយស មានប្រវែង ៦,១០គីឡូម៉ែត្រ តភ្ជាប់ពីភូមិទួលអណ្តែត ទៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ផ្លូវមួយខ្សែនេះ ត្រូវបានស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) រួចជាស្ថាពរក្នុងឆ្នាំ២០២៦នេះ។ខ្សែទី២៖ មានចំនួន ៣កំណាត់ ដែលមានប្រវែងសរុប ១៣,២០គីឡូម៉ែត្រ ចាប់ផ្ដើមពីវត្តថ្គោលអណ្ដែត ភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ទៅដល់ភូមិព្រែកឈើត្រាវ ឃុំអន្លង់វិល ស្រុកកណ្តៀង។ ខ្សែទី៣៖ ឈ្មោះផ្លូវបឹងក្រាញ់-កំពង់រកា មានប្រវែង ៤,០០គីឡូម៉ែត្រ តភ្ជាប់ពីភូមិបឹងក្រាញ់ ទៅភូមិឈើទាល ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ផ្លូវមួយខ្សែនេះ កំពុងស្ថាបនាលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) កាលពីខែមីនា ឆ្នាំ២០២៦ នេះ ដោយកងវិស្វកម្មក្រសួងការពារជាតិ ក្រោមអាណាប័ករបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយបច្ចុប្បន្នសម្រេចវឌ្ឍនភាពបានប្រមាណ ៥០%។ ខ្សែទី៤៖ ឈ្មោះផ្លូវសន្លុង-កគោ មានប្រវែង ៤,០០គីឡូម៉ែត្រ តភ្ជាប់ពីភូមិស្វាយចំបក់ ទៅភូមិស្វាយយាង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ផ្លូវមួយខ្សែនេះស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ នៅឆ្នាំ២០១៩។

ការអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែងផ្លូវទាំង៤ខ្សែនេះ គឺដើម្បីសិក្សាលទ្ធភាពក្នុងការជួសជុល និងស្ដារឡើងវិញឱ្យប្រែក្លាយជាផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងចុះត្រួតពិនិត្យបច្ចេកទេសក្នុងការអនុវត្តគម្រោងស្ថាបនាផ្លូវនេះឱ្យធានាបាននូវគុណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋប្រើប្រាស់បានគ្រប់រដូវកាល ព្រមទាំងសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល កាន់តែងាយស្រួល និងឆាប់រហ័ស។


ឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យផងដែរនូវវឌ្ឍនភាពនៃការសាងសង់ស្ពានបេតុង១កន្លែង ប្រវែង ១៤៤ម៉ែត្រ ទទឹង១០ម៉ែត្រ ឆ្លងកាត់ស្ទឹងពោធិ៍សាត់ តភ្ជាប់ពីខាងកើតស្ថិតក្នុងឃុំលាច ទៅខាងលិចស្ថិតក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ដោយកងវិស្វកម្មនៃក្រសួងការពារជាតិ។ ស្ពាននេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





