ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េជួបពិភាក្សាការងារជាមួយប្រធានមូលនិធិសុខុមា លភាពសង្គម GO &DO
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦---
នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Park Woo Hee ប្រធានមូលនិធិសុខុ មាលភាពសង្គម GO & DO (GO & DO Social Welfare Foundation) នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់លោក Park ដែលបានជួយសម្របសម្រួលដល់ដំណើរការប្រគល់ជំនួយរថយន្ត- សម្ភារៈពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាលកូរ៉េ ពិសេសរដ្ឋបាលខេត្តខ្យង់គីដូ ទៅក្រសួងស្ថាប័ននៃប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៦ ដល់បច្ចុប្បន្ន សរុបប្រមាណ ៨០ គ្រឿង ដែលជំនួយទាំងនោះបានសម្រួលដល់ប្រតិបត្តិការពន្លត់អគ្គិភ័យរបស់ភ្នាក់ងារពន្លត់អគ្គីភ័យកម្ពុជា ដេីម្បីអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធិភាព និងជួយសង្រ្គោះប្រជាពលរដ្ឋបានទាន់ ពេលវេលា។
លោក PARK បានមានប្រសាសន៍ថា កម្ពុជាប្រៀបដូចជាស្រុកកំណើតទី២ របស់លោក ហើយលោកបានសម្តែងនូវឆន្ទៈក្នុងការបន្តគាំទ្រ និងសម្របសម្រួលបន្ថែមទៀត ជាមួយថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថាប័នសាធារណៈនិងដៃគូសក្តានុពលផ្សេងទៀតដើម្បីកៀរគរជំនួយបន្ថែមសម្រាប់កម្ពុជា។


ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ស្ថានទូតក្នុងការចូលរួមយ៉ាងសកម្មជាមួយស្ថាប័នរដ្ឋាភិបាលកូរ៉េ អាជ្ញាធរមូលដ្ឋាន ដៃគូវិស័យឯកជន និងអង្គការសង្គមស៊ីវិល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងនាំនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជនកម្ពុជា៕

ដោយ៖ ប៊ុនរិទ្ធ





