ចិនស្នើច្បាប់សុវត្ថិភាពថ្មីសម្រាប់យានយន្តស្វ័យប្រវត្តិ និងកង់អគ្គិសនី
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ -- សេចក្តីព្រាងកំណែទម្រង់ច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ប្រទេសចិន ត្រូវបានដាក់ជូនសម្រាប់ការអានលើកដំបូងរបស់ខ្លួនទៅកាន់សម័យប្រជុំដែលកំពុងបន្តនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនជាតិ ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសនេះកាលពីថ្ងៃអង្គារ ដោយស្នើច្បាប់ថ្មីស្តីពីយានយន្តស្វយ័ត និងវិធានការកំណត់គោលដៅបើកបរដែលរំខាន និងកង់អគ្គិសនី។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានដាក់ជូនសម័យប្រជុំលើកទី២៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនជាតិចិន នីតិកាលទី១៤ ដោយវាមាន ០៩ជំពូក និង ១៧០មាត្រា។
ជំពូកថ្មីនេះផ្តោតទៅលើយានយន្តស្វយ័ត កំណត់តម្រូវការសម្រាប់ការប្រើប្រាស់ផ្លូវ ការដោះស្រាយការបំពានចរាចរណ៍ និងការធានារ៉ាប់រង។
នៅក្រោមសេចក្តីព្រាងច្បាប់នេះ នៅពេលដែលការរំលោភលើសុវត្ថិភាពចរាចរណ៍ផ្លូវគោកកើតឡើង ខណៈដែលមុខងារបើកបរស្វ័យភាពត្រូវបានធ្វើឱ្យសកម្ម ក្រុមហ៊ុនផលិត ឬអ្នកនាំចូលនឹងទទួលខុសត្រូវក្នុងការគ្រប់គ្រងការបំពាននេះ។
យានជំនិះស្វយ័តដែលដំណើរការដោយមិនមានមុខងារបើកបរដោយស្វ័យប្រវត្តិ ត្រូវបានធ្វើឱ្យសកម្ម ក៏ដូចជាយានយន្តដែលបំពាក់ដោយមុខងារជំនួយអ្នកបើកបរប៉ុណ្ណោះ នឹងត្រូវគ្រប់គ្រងក្រោមច្បាប់ដែលអនុវត្តចំពោះយានយន្តធម្មតា។
សេចក្តីព្រាងច្បាប់នេះក៏បានលើកឡើងពីបញ្ហាសុវត្ថិភាពចរាចរណ៍ដ៏លេចធ្លោផងដែរ រួមមានទាំងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការបើកបរដោយមិនប្រុងប្រយ័ត្ន យានយន្តដែលមិនបានប្រើប្រាស់យូរ និងសកម្មភាពបើកបរលើសល្បឿនកំណត់។
អ្នកបើកបរដែលប្រើប្រាស់ទូរស័ព្ទដៃ ឬនិយាយទូរស័ព្ទ មើលវីដេអូ ឬចូលរួមក្នុងសកម្មភាពផ្សេងទៀតដែលរំខានដល់ការបើកបរដោយសុវត្ថិភាពនិងបង្កគ្រោះថ្នាក់ចរាចរណ៍ ឬផលវិបាកធ្ងន់ធ្ងរផ្សេងទៀត អាចប្រឈមនឹងការពិន័យជាប្រាក់ពី ២០០យន់ ទៅ ៥០០យន់ (៣០ដុល្លារអាម៉េរិក ទៅ៧៤ដុល្លារអាម៉េរិក) ជាមួយនឹងការព្យួរប័ណ្ណបើកបររបស់ពួកគេរយៈពេលបីខែ។
ច្បាប់ ស្តីពីកង់អគ្គិសនី ក៏ត្រូវបានស្នើឱ្យកែសម្រួលផងដែរ។ សេចក្តីព្រាងច្បាប់នេះនឹងបង្កើនល្បឿនអតិបរមាសម្រាប់កង់អគ្គិសនីនៅក្នុងគន្លងយានយន្តដែលមិនមានម៉ូទ័រពី ១៥គីឡូម៉ែត្រក្នុងមួយម៉ោង ដល់២០គីឡូម៉ែត្រក្នុងមួយម៉ោង។
វាក៏នឹងហាមឃាត់ផងដែរចំពោះអ្នកជិះបញ្ច្រាសចរាចរណ៍ បើកបរលឿន បំពានភ្លើងសញ្ញាចរាចរណ៍ ប្រើប្រាស់ទូរស័ព្ទដៃ ឬមើលវីដេអូពេលកំពុងបើកបរ។ អ្នកជិះ និងអ្នកដំណើរនឹងត្រូវពាក់មួកសុវត្ថិភាពស្របតាមបទប្បញ្ញត្តិពាក់ព័ន្ធ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





