លោក អឺដូហ្គេន ៖តួកគីនឹងបន្តដើរលើមាគ៌ាសន្តិភាព និងស្ថិរភាព
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ -- ប្រធានាធិបតីតួកគី លោក រេសិប តាយយីប អឺដូហ្គេន (Recep Tayyip Erdogan) បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ប្រទេសនេះនឹងបន្តដើរលើមាគ៌ារបស់ខ្លួនឆ្ពោះទៅរកឯកភាព សន្តិភាព និងស្ថិរភាព ទោះបីជាមានឧប្បត្តិហេតុថ្មីៗដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាពក្នុងតំបន់ក៏ដោយ។
លោក អឺដូហ្គេន បានធ្វើការកត់សម្គាល់នេះ ខណៈពេលកំពុងចូលរួមព្រឹត្តិការណ៍នានានៅក្នុងខេត្តបីតលីស ភាគខាងកើត។
លោកបាននិយាយថា «អ្នកឈ្នះ» ចុងក្រោយគឺ «មនុស្សជាតិភាតរភាព សន្តិភាព និងស្ថិរភាព» ក៏ដូចជាប្រជាជាតិតួកគី និងប្រជាពលរដ្ឋរបស់ខ្លួន។
ការអត្ថាធិប្បាយរបស់លោក អឺដូហ្គេន បានកើតឡើងបន្ទាប់ពីអ៊ីស្រាអែលបានវាយប្រហារអាកាសយានដ្ឋានយោធា Abu al-Duhur នៅភាគពាយ័ព្យនៃប្រទេសស៊ីរី កាលពីថ្ងៃទី១៨ ខែសីហា ដោយនិយាយថាទីក្រុងដាម៉ាស់កំពុងរៀបចំអនុញ្ញាតឱ្យកងកម្លាំងតួកគីដាក់ពង្រាយនៅទីនោះ ជាការអះអាងដែលត្រូវបានបដិសេធដោយប្រទេសស៊ីរី និងតួកគី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





