ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលអ៊ូសបេគីស្ថានចុះ MOU ជាមួយគ្នាដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើប្រព័ន្ធទូទាត់ឆ្លងដែនរវាងប្រទេសទាំង២
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦--ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលរបស់ប្រទេសអ៊ូសបេគីស្ថាន នៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦បានចុះអនុស្សរណៈយោគយល់(MOU)ជាមួយគ្នាស្តីពីកិច្ចសហប្រតិបត្តិការលើប្រព័ន្ធទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេស អ៊ូសបេគីស្ថាន។

ពិធីចុះអនុស្សរណៈនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Timur Ishmetov ទេសាភិបាល ធនាគារកណ្តាល អ៊ូសបេគីស្ថាន នៅក្នុងព្រឹត្តិការណ៍ Silk Road Finance & Technology Forum ដែលត្រូវបានសហការ រៀបចំឡើងដោយធនាគារកណ្តាលអ៊ូសបេគីស្ថាន និងស្ថាប័ន Global Finance & Technology Network (GFTN) ចាប់ពីថ្ងៃទី២៤-២៦ ខែសីហា ឆ្នាំ២០២៦នេះ នៅទីក្រុងតាស៊ិន ប្រទេសអ៊ូសបេគីស្ថាន។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ការចុះអនុស្សរណៈយោគយល់គ្នានេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារកណ្តាលនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធលើការងារសំខាន់ៗចំនួន ៤ រួមមាន៖ ១/- ការអភិវឌ្ឍន៍ប្រព័ន្ធទូទាត់សងប្រាក់ និងទូទាត់ឌីជីថល, ២/- នយោបាយរូបិយវត្ថុ និងការតាមដាន ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច,៣/- ការលើកកម្ពស់បរិយាបន្ន និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង៤/- ការគ្រប់គ្រង ប្រតិបត្តិការសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ។

ការពង្រីកកិច្ចសហប្រតិបត្តិការនេះនឹងចូលរួមពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាគាំទ្រដល់សមាហរណកម្មហិរញ្ញវត្ថុក្នុង តំបន់ និងអន្តរជាតិ៕

ដោយ វាសនា





