អ្នកវិនិយោគគិនចិនបង្ហាញលើកិច្ចសហការលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦-- តាមរយៈកិច្ចពិភាក្សារវាងមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹង គណៈប្រតិភូវិនិយោគិនចិន ភាគីទាំងពីរបានជំរុញកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មកម្ពុជា នៅកម្ពុជា។

ក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រវាងឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល និងសមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មជាំងស៊ីនៅកម្ពុជា និងក្រុមហ៊ុន Ji'an Agricultural and Rural Development Group Co.,Ltd ក្នុងគោលដៅពង្រឹងភាពជាដៃគូ និងទាក់ទាញវិនិយោគទុនផ្ទាល់ពីបរទេស ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង និងទំនើបកម្ម។ ក្រសួងកសិកម្មបានចាត់ទុកថានេះស្មារតីនៃចំណងមិត្តភាពជាប្រពៃណី និង កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ដែលបង្ហាញពីស្មារតី ប្តេជ្ញាចិត្តស្វែងរកឱកាសអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា។

ឯកឧត្តម គី ច័ន្ទរំដួល បានថ្លែងបញ្ជាក់ថា ការជំរុញខ្សែច្រវាក់ផលិតកម្មកែច្នៃ និងការបង្កើនការនាំចេញកសិផលកម្ពុជាដែលមានសក្តានុពលទៅកាន់ទីផ្សារដ៏ធំរបស់ចិន គឺជាកាតាលីករដ៏សំខាន់ដែលឆ្លើយតបទាំងស្រុងទៅនឹង យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាសន្តិសុខស្បៀង បង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាកសិករ ព្រមទាំងផ្តល់នូវតម្លៃបន្ថែមខ្ពស់ដល់សេដ្ឋកិច្ចជាតិ។ ឆ្លើយតបទៅនឹងគោលបំណងពង្រីកការវិនិយោគរបស់ភាគីចិន ឯកឧត្តម គី ច័ន្ទរំដួល បានគូសរំលេចពីបរិយាកាសវិនិយោគដ៏ប្រកបដោយភាពទាក់ទាញ នៃស្ថិរភាពនយោបាយពេញលេញនៅកម្ពុជា។
ឯកឧត្តម គី ច័ន្ទរំដួល បានបញ្ជាក់យ៉ាងច្បាស់អំពីការគាំទ្រយ៉ាងមុតមាំពី រាជរដ្ឋាភិបាល តាមរយៈច្បាប់ស្តីពីការវិនិយោគថ្មី និងគោលនយោបាយលើកទឹកចិត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដែលជាឆ្អឹងខ្នងគតិយុត្តដ៏រឹងមាំ ប្រកបដោយតម្លាភាព ក្នុងការធានាដល់សិទ្ធិ និងផ្តល់ផលប្រយោជន៍ជាអតិបរមាដល់វិនិយោគិនបរទេសគ្រប់រូបនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម គី ច័ន្ទរំដួល បានលើកទឹកចិត្តឱ្យមានការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា (CASA) ដើម្បីជំរុញការស្រាវជ្រាវ នវានុវត្តន៍ និងការផ្ទេរបច្ចេកវិទ្យាទំនើប ដែលជាចលករជួយជំរុញកម្ពុជាឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសចំណូលខ្ពស់នាពេលអនាគតដ៏ខ្លីខាងមុខ៕
ដោយ៖ មករា





