ពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីក្នុងឃុំស្វាយភ្លើង ស្រុកតាំងគោក
AKP កំពង់ធំ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦--ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនៅវត្តស្វាយភ្លើង ភូមិស្វាយភ្លើង ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក ម៉ន ទីម អភិបាលរងនៃគណៈអភិបាលស្រុកតាំងគោក លោក យូ ចាន់ឌី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម ដែលជាតំណាងលោកប្រធានមន្ទីរ ដោយមានការចូលរួមពីលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានសរុបចំនួន៥៤២នាក់។

លោក យូ ចាន់ឌី បានធ្វើការបង្ហាញ និងពន្យល់ណែនាំយ៉ាងលម្អិតអំពីនីតិវិធីនៃការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី។ លោកបានបញ្ជាក់ថា ការបិទផ្សាយនេះមានរយៈពេល ១៥ ថ្ងៃ ដើម្បីឱ្យម្ចាស់ដី ឬអ្នកពាក់ព័ន្ធទាំងអស់ អញ្ជើញមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី ឈ្មោះ ឈ្មោះប្រពន្ធ/ប្តី ទំហំដី និងព្រំប្រទល់ដីរបស់ខ្លួនឱ្យបានច្បាស់លាស់។ ប្រសិនបើមានការខុសឆ្គង ឬមានទំនាស់ព្រំប្រទល់ណាមួយ ប្រជាពលរដ្ឋអាចដាក់ពាក្យបណ្តឹងតវ៉ា ឬស្នើសុំកែតម្រូវបានក្នុងអំឡុងពេលបិទផ្សាយនេះ ដើម្បីឱ្យក្រុមការងារបច្ចេកទេសធ្វើការដោះស្រាយនិងកែសម្រួលឱ្យបានត្រឹមត្រូវ មុននឹងបញ្ជូនទិន្នន័យទៅថ្នាក់លើដើម្បីចេញបណ្ណកម្មសិទ្ធិ (ប្លង់រឹង) ជូនជាស្ថាពរ។

លោក ម៉ន ទីម បានលើកឡើងអំពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋដើម្បីធានាថាបងប្អូនទាំងអស់ទទួលបានបណ្ណកម្មសិទ្ធិ (ប្លង់រឹង) ស្របច្បាប់ និងក្លាយជាម្ចាស់កម្មសិទ្ធិលើដីធ្លីពេញសិទ្ធិគ្រប់ៗគ្នា។

ជាមួយគ្នានេះ លោកអភិបាលរងស្រុកក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារជំនាញចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ព្រមទាំងអាជ្ញាធរដែនដី (អាជ្ញាធរភូមិ-ឃុំ) ដែលបានខិតខំប្រឹងប្រែង និងសម្របសម្រួលបង្កលក្ខណៈងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋនាពេលកន្លងមក៕
ដោយ ស៊ុម វណ្ណា





