ឯកឧត្តម តន់ វ៉ាន់ថារ៉ា អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងណែនាំឱ្យត្រៀមអន្តរាគមន៍សង្គ្រោះស្រូវវស្សាក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជាក់ស្តែង និងណែនាំត្រៀមលក្ខណៈអន្តរាគមន៍សង្គ្រោះស្រូវរដូវវស្សា នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

ក្នុងបេសកកម្មនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យទីតាំងសំខាន់ៗចំនួន២ រួមមាន៖ ១. ស្ថានភាពប្រព័ន្ធធារាសាស្ត្រ តាមបណ្តោយព្រែកព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងស្រុកស្វាយជ្រំ។ ២. ស្ថានភាពអាងទឹកកំពង់ជ្រៃ ស្ថិតក្នុងស្រុកស្វាយជ្រំ។ អាងទឹកកំពង់ជ្រៃមានសមត្ថភាពស្តុកទឹកបាន ១១.៣ លានម៉ែត្រគូប ប៉ុន្តែបច្ចុប្បន្នមានទឹកត្រឹមតែ ១៥% ប៉ុណ្ណោះ ដោយសាររបបទឹកភ្លៀងធ្លាក់មានកម្រិតតិច។ ដោយឡែក ការងារបង្កបង្កើនផលស្រូវវស្សាឆ្នាំ២០២៦ ទូទាំងខេត្តស្វាយរៀង សម្រេចបាន ៩១,០៥% (ស្មើនឹង ១៤០ ៤៧៤ ហិកតា លើផែនការ ១៦៧ ៥០០ ហិកតា)។

ឯកឧត្តម តន់ វ៉ាន់ថារ៉ា បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ត្រូវសហការរៀបចំកិច្ចប្រជុំជាមួយសហគមន៍កសិករប្រើប្រាស់ទឹក ដើម្បីផ្សព្វផ្សាយ និងតម្រង់ទិសការងារបង្កបង្កើនផលស្រូវវស្សាឱ្យសមស្របតាមស្ថានភាពទឹកជាក់ស្តែង ព្រមទាំងជំរុញការប្រើប្រាស់ទឹកដោយសន្សំសំចៃ។ ជាមួយគ្នានេះ មន្ទីរត្រូវចាត់វិធានការថែរក្សាប្រភពទឹកក្នុងអាង និងត្រៀមលក្ខណៈម៉ាស៊ីនបូមទឹកអន្តរាគមន៍ឱ្យបានរួចរាល់ ដើម្បីជួយសង្គ្រោះស្រូវវស្សារបស់ប្រជាកសិករក្នុងករណីមានការខ្វះខាតទឹកជាយថាហេតុ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





