អាជ្ញាធរខេត្តសៀមរាប ជំរុញយុវជនពង្រឹងជំនាញឌីជីថល និងចូលរួមជាកម្លាំងស្នូល ក្នុងការអភិវឌ្ឍសង្គមជាតិ
AKP សៀមរាប ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦--អាជ្ញាធរខេត្តសៀមរាប បានជំរុញឱ្យយុវជនពង្រឹងជំនាញឌីជីថល និងចូលរួមជាកម្លាំងស្នូលក្នុងការអភិវឌ្ឍសង្គមជាតិ ខណៈបច្ចេកវិទ្យាឌីជីថលកំពុងមានឥទ្ធិពលយ៉ាងខ្លាំងលើការរស់នៅ ការសិក្សា ការទំនាក់ទំនង និងការងារ។ នេះជាការលើកឡើងលោកស្រី ម៉ន នីរង្សី អភិបាលរងខេត្តសៀមរាប ក្នុងពិធីបើកទិវាយុវជនអន្តរជាតិ ១២ សីហា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សុវត្ថិភាពយុវជនក្នុងយុគឌីជីថល» និង «បរិបទខុសៗគ្នា ប៉ុន្តែមានក្តីប្រាថ្នារួម» ដែលរៀបចំដោយអង្គការភូមិកុមារ SOS កម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

លោកស្រី ម៉ន នីរង្សី បានមានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថលបានបង្កើតឱកាសថ្មីៗជាច្រើនសម្រាប់ការសិក្សា ការច្នៃប្រឌិត សហគ្រិនភាព និងការចូលរួមក្នុងសង្គម ហើយអនាគតរបស់ប្រទេសជាតិត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសមត្ថភាពរបស់យុវជន។ លោកស្រីបានអំពាវនាវឱ្យយុវជនប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ ព្រមទាំងបង្កើនការយល់ដឹងអំពីការការពារឯកជនភាព ការផ្ទៀងផ្ទាត់ព័ត៌មាន និងការទប់ស្កាត់ការបោកប្រាស់តាមប្រព័ន្ធអនឡាញ។ លោកស្រីបានបន្តថា សំឡេងរបស់ក្មួយៗមានតម្លៃ គំនិតរបស់ក្មួយៗមានសារៈសំខាន់ ហើយសកម្មភាពរបស់ក្មួយៗអាចបង្កើតការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សង្គមបាន។

លោក សឿត សឿន ប្រធានគម្រោងថ្នាក់ខេត្តសៀមរាប នៃអង្គការភូមិកុមារ SOS កម្ពុជា បានមានប្រសាសន៍ថា ទោះបីយុវជនរស់នៅក្នុងបរិបទសេដ្ឋកិច្ច សង្គម និងវប្បធម៌ខុសៗគ្នាក៏ដោយ ក៏ពួកគេមានក្តីប្រាថ្នារួមដូចគ្នា គឺចង់ទទួលបានការអប់រំដែលមានគុណភាព ការងារសមរម្យ សុខភាពល្អ សន្តិភាព និងឱកាសអភិវឌ្ឍន៍ខ្លួន។

លោកបានបញ្ជាក់ថា យុវជនទាំងអស់មានក្តីប្រាថ្នារួមចំពោះអនាគតដែលកាន់តែប្រសើរ ដូច្នេះយើងត្រូវធានាថា គ្មានយុវជនណាម្នាក់ត្រូវបានទុកចោលដោយសារភាពក្រីក្រ ទីតាំងភូមិសាស្ត្រ ពិការភាព ភេទ ឬស្ថានភាពគ្រួសារឡើយ៕

ដោយ ឃុត សៅ





