លោក ពូទីន៖ ពាណិជ្ជកម្មរវាងរុស្ស៊ី និងឥណ្ឌា មានការកើនឡើងនៅក្នុងឆ្នាំនេះ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ -- ពាណិជ្ជកម្មរវាងរុស្ស៊ី និងឥណ្ឌា បានកើនឡើងនៅឆ្នាំនេះ។ នេះបើយោងតាមការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ានីយ៉ាម ចៃស្សាន់ការ នៅវិមានក្រឹមឡាំង។
ប្រធានាធិបតីរុស្ស៊ីបាននិយាយថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានកត់សម្គាល់ថា ពាណិជ្ជកម្មរបស់យើងបានកើនឡើងនៅក្នុងឆ្នាំនេះ។ វាបានធ្លាក់ចុះបន្តិចកាលពីឆ្នាំមុន ប៉ុន្តែវាកំពុងកើនឡើងនៅឆ្នាំនេះ»។
លោក ពូទីន បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចបច្ចុប្បន្នរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌាទៅកាន់ទីក្រុងមូស្គូ ជាការគូសបញ្ជាក់ពីកម្រិតនៃទំនាក់ទំនងដែលរុស្ស៊ី និងឥណ្ឌាបានកសាងឡើងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ក្នុងពេលជាមួយគ្នានេះ លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការកំពុងដំណើរការស្ទើរតែគ្រប់វិស័យ រួមទាំងកម្រិតរដ្ឋាភិបាល សភា និងធុរកិច្ចទាំងពីរផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





