រុស្ស៊ី និងអ៊ុយក្រែន ធ្វើការដោះដូរអ្នកទោស «ដប់លើដប់» នៅប្រទេសបេឡារុស
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ -- ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានធ្វើការដោះដូរអ្នកទោសដប់នាក់ក្នុងម្ខាងនៅក្នុងតំបន់កូមែល នៅភាគអាគ្នេយ៍របស់ប្រទេសបេឡារុស កាលពីថ្ងៃចន្ទ។ នេះបើយោងតាមការចុះផ្សាយរបស់ប៉ុស្តិ៍ទូរទស្សន៍ Pervy Informationny របស់ប្រទេសបេឡារុស។
ការរាយការណ៍នេះនិយាយថា ការដោះដូរអ្នកទោសនេះអាចធ្វើទៅបានដោយសារបទបញ្ជារបស់ប្រធានាធិបតីបេឡារុស លោក អេឡិចសាន់ដឺរ លូកាស្សិនកូ។
បេសកកម្មមនុស្សធម៌នេះត្រូវបានធ្វើឡើងដោយអនុលោមតាមបទដ្ឋាននៃច្បាប់អន្តរជាតិយ៉ាងតឹងរ៉ឹង។
លោកស្រី អ៊ីរីណា កូស្តេវីច សមាជិកសភាបេឡារុសបាននិយាយថា«ថ្ងៃនេះ ប្រទេសបេឡារុសកំពុងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍មនុស្សធម៌មួយផ្សេងទៀត។ ពលរដ្ឋអ៊ុយក្រែនចំនួនដប់នាក់ ដែលមានវត្តមាននៅលើទឹកដីនៃសាធារណរដ្ឋបេឡារុស ប៉ុន្តែជាអកុសលបានរំលោភច្បាប់អន្តោប្រវេសន៍ និងច្បាប់ផ្សេងទៀតរបស់យើង កំពុងវិលត្រឡប់ទៅអ៊ុយក្រែនវិញនៅថ្ងៃនេះ ទៅកាន់ស្រុកកំណើតរបស់ពួកគេ និងជួបជុំជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ពួកគេវិញ»។
ជាថ្នូរមកវិញ អ្នកទោសសង្គ្រាមរុស្ស៊ីចំនួនដប់នាក់នឹងត្រូវផ្ទេរឆ្លងកាត់ព្រំដែនបេឡារុសទៅកាន់ប្រទេសរុស្ស៊ី។
លោកស្រីបាននិយាយថា «ក្រុមជំនួយផ្នែកវេជ្ជសាស្ត្រដ៏សំខាន់មួយត្រូវបានដាក់ពង្រាយនៅទីនេះ ក្នុងទីក្រុងណូវ៉ាយ៉ា គូតា រួមទាំងក្រុមរថយន្តសង្គ្រោះបន្ទាន់ដែលនឹងផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រដល់ឈ្លើយសឹករុស្ស៊ីប្រសិនបើស្ថានភាពសុខភាពរបស់ពួកគេតម្រូវឱ្យមាន។ បន្ទាប់មក ពួកគេនឹងត្រូវបានដឹកជញ្ជូនទៅកាន់មណ្ឌលថែទាំសុខភាពក្នុងតំបន់កូមែល ដើម្បីទទួលការព្យាបាលបន្ថែមទៀត អាស្រ័យលើស្ថានភាពសុខភាពរបស់ពួកគេ»។
អ្នកតំណាងរាស្ត្ររូបនេះបានបន្តថា វិធានការទាំងនេះត្រូវបានធ្វើឡើងតាមការណែនាំរបស់មេដឹកនាំបេឡារុស៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





