ឥណ្ឌូណេស៊ី និងចិន ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការពារជាតិ-សន្តិសុខ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ -- ប្រទេសឥណ្ឌូណេស៊ី និងចិនបានព្រមព្រៀងគ្នាក្នុងការពង្រីកពាណិជ្ជកម្មទ្វេភាគីលើសពីទំហំនាពេលបច្ចុប្បន្នដែលមានតម្លៃ ១៦៧ពាន់លានដុល្លារអាម៉េរិក ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ និងពន្លឿនកិច្ចចរចាឆ្ពោះទៅរកការបញ្ចប់ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។
កិច្ចព្រមព្រៀងត្រូវបានសម្រេចនៅក្នុងពិធីបើកកិច្ចសន្ទនាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSD) និងកិច្ចប្រជុំ ២+២ លើកទីពីរនៃរដ្ឋមន្ត្រីការបរទេស និងការពារជាតិរវាងប្រទេសទាំងពីរ ដែលបានប្រារព្ធឡើងនៅទីក្រុងហ្សាកាតាកាលពីពេលថ្មីៗនេះ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក ស៊ូគីអូណូ និងសមភាគីចិនលោក វ៉ាង យី បានធ្វើជាសហប្រធាននៃកិច្ចប្រជុំ CSD ដែលជាយន្តការសន្ទនាទ្វេភាគីកម្រិតថ្នាក់រដ្ឋមន្ត្រីថ្មី ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ស៊ូគីអូណូ ទៅកាន់ប្រទេសចិនកាលពីក្នុងខែមេសា ឆ្នាំ២០២៥។ យន្តការនេះមានគោលបំណងពិនិត្យឡើងវិញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងកំណត់អាទិភាពជាយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងទ្វេភាគី។
កិច្ចពិភាក្សារបស់ពួកគេបានបង្កើតការពិភាក្សាបឋមសម្រាប់ផែនការសកម្មភាពឆ្នាំ២០២៧-២០៣១ ខណៈដែលបើកផ្លូវសម្រាប់យន្តការសហការថ្មីនៅក្នុងបញ្ញាសិប្បនិមិត្ត បច្ចេកវិទ្យាទំនើប និងស្តង់ដារដាក់ឱ្យនៅដាច់ដោយឡែកពីគេ។ ប្រទេសទាំងពីរក៏ត្រូវបានគេរំពឹងថានឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍផ្កាយរណបព័ត៌មាន និងពង្រីកកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុកផងដែរ។
បន្ទាប់ពីកិច្ចប្រជុំ CSD លោក វ៉ាង និងរដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក តុង ជុន បានចូលរួមកិច្ចប្រជុំ ២+២ លើកទីពីរ ជាមួយលោក ស៊ូគីអូណូ និងរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ី លោក អេសចាហ្រ្វី អេសជេមសូអេដឌីន ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការនយោបាយការពារជាតិ និងសន្តិសុខ។
លោក វ៉ាង បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ប្រទេសចិន និងឥណ្ឌូណេស៊ីក្នុងការពង្រឹងការសម្របសម្រួលទ្វេភាគី ទាញយកសក្តានុពលរបស់ប្រទេសកំពុងអភិវឌ្ឍន៍ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនៅភាគខាងត្បូងពិភពលោក។
ភាគីទាំងពីរបានព្រមព្រៀងគ្នាពង្រីកការផ្លាស់ប្តូររវាងកងកម្លាំងប្រដាប់អាវុធរ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងសន្តិសុខដែនសមុទ្រ សន្តិសុខសាយប័រ ការប្រឆាំងភេរវកម្ម ការអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
ទាក់ទងនឹងបញ្ហាក្នុងតំបន់ ឥណ្ឌូណេស៊ី និងចិនបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពន្លឿនការបញ្ចប់ COC ខណៈដែលគាំទ្រការអនុវត្តពេញលេញនៃសេចក្តីប្រកាស ស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងរក្សាតួនាទីកណ្តាលរបស់អាស៊ានក្នុងការគ្រប់គ្រងបញ្ហាសន្តិសុខក្នុងតំបន់។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅលើបញ្ហាសន្តិសុខអន្តរជាតិដែលជាកង្វល់រួម និងបានព្រមព្រៀងគ្នាពង្រឹងការសម្របសម្រួលលើស្ថានភាពនៅមជ្ឈិមបូព៌ា និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកសន្តិភាព និងបញ្ចប់ជម្លោះ៕





