លោក ស៊ី អំពាវនាវឱ្យចិន និងហ្ស៊កដានី ពង្រឹងការសម្របសម្រួលលើយុទ្ធសាស្ត្រអភិវឌ្ឍន៍បន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ -- ប្រធានាធិបតីចិន លោក ស៊ីជីនពីង (Xi Jinping) បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ភាគីទាំងពីរគួរតែបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណី រួមទាំងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន និងការជីកយករ៉ែពង្រីកកម្លាំងជំរុញថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងសេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត និងថាមពលបៃតង និងពង្រឹងការផ្លាស់ប្តូរយ៉ាងទូលំទូលាយក្នុងវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទេសចរណ៍ និងវិស័យផ្សេងៗទៀត។
លោក ស៊ី បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០១៥ ប្រមុខរដ្ឋទាំងពីរបានប្រកាសរួមគ្នាអំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រចិន-ហ្ស៊កដានី ដោយបើកជំពូកថ្មីមួយក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
លោកបានមានប្រសាសន៍ថា ដោយប្រឈមមុខនឹងស្ថានភាពអន្តរជាតិនិងតំបន់ដែលមានលក្ខណៈប្រែប្រួល និងភាពវឹកវរ ការកសាងទំនាក់ទំនងចិន-ហ្ស៊កដានី ដែលមានខ្លឹមសារ និងស្វាហាប់ជាងមុនគឺស្របតាមការរំពឹងទុករួមរបស់ប្រជាជនទាំងពីរ ហើយក៏ស្របតាមនិន្នាការទូទៅនៃការស្វែងរកភាពរឹងមាំនៃសកលភាគខាងត្បូងតាមរយៈការឯកភាពផងដែរ។
លោក ស៊ី បានសង្កត់ធ្ងន់ថា ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទីដ៏ពិសេស និងសំខាន់របស់ប្រទេសហ្ស៊កដានីនៅក្នុងតំបន់គាំទ្រយ៉ាងមុតមាំចំពោះប្រទេសហ្ស៊កដានីក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍រួមរបស់ខ្លួន ហើយមានឆន្ទៈក្នុងការរក្សាការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធជាមួយប្រទេសហ្ស៊កដានីនៅគ្រប់កម្រិត រួមទាំងរដ្ឋាភិបាល គណបក្សនយោបាយ ស្ថាប័ននីតិបញ្ញត្តិ និងមូលដ្ឋាន ព្រមទាំងបង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រង។
ព្រះមហាក្សត្រ អាប់ឌុលឡាហ៍ទី២ (Abdullah II) បានមានបន្ទូលថាប្រទេសហ្ស៊កដានី និងចិន បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំជាមួយនឹងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានៅទូទាំងវិស័យផ្សេងៗ។ព្រះអង្គបានបន្ដថា ប្រទេសហ្ស៊កដានីគាំទ្រយ៉ាងរឹងមាំនូវគោលនយោបាយចិនតែមួយ និងចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន។
ព្រះអង្គមានបន្ទូលថា ប្រទេសហ្ស៊កដានីផ្តល់អាទិភាពខ្ពស់លើទំនាក់ទំនងជាមួយប្រទេសចិន ហើយប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ផលិតកម្ម កសិកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឱសថ វប្បធម៌ និងការអប់រំ ដោយព្រះអង្គបានបន្ថែមថា ប្រទេសហ្ស៊កដានីស្វាគមន៍សហគ្រាសចិនកាន់តែច្រើនមកវិនិយោគនៅទីនោះ ដើម្បីសម្រេចបាននូវការអភិវឌ្ឍ និងវិបុលភាពរួម៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





