សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំនិយាយម្ដងទៀត តាំងពីដើមអាណត្ដិមកដល់ម៉ោងនេះ រាជរដ្ឋាភិបាលអត់មានគម្រោងក្នុងការកាត់បន្ថយ ឬបង្កើនក្រសួង ស្ថាប័ននោះទេ
AKP ក្រចេះ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦--សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ចាប់តាំងពីដើមអាណត្ដិរហូតមកដល់ម៉ោងនេះ រាជរដ្ឋាភិបាលអត់មានគម្រោងក្នុងការកាត់បន្ថយ ឬបង្កើនក្រសួង ស្ថាប័ននោះទេ តែអ្វីដែលសំខាន់យើងប្រកាន់ជំហរពង្រឹង ជាជាងពង្រីក។ ការគូសបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅខេត្ដក្រចេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងដំណាក់កាលនេះ ការកែទម្រង់ប្រសិទ្ធភាព ប្រសិទ្ធផលគឺរក្សាចំនួនក្រសួងដដែល និងពង្រឹងក្រសួងនីមួយៗតាមការវិភាគ ការកំណត់មុខងារ ការលើកទឹកមន្រ្ដីតាមប្រព័ន្ធសមិទ្ធកម្ម ដែលបានដាក់ចេញ ការជ្រើសរើសមន្រ្ដីតាមរយៈការប្រឡង និងការពង្រឹងផ្ទៃក្នុងតាមក្រសួង ស្ថាប័ននីមួយៗ។ សម្ដេចធិបតីបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំនិយាយម្ដងទៀត តាំងពីដើមអាណត្ដិមកដល់ម៉ោងនេះ រាជរដ្ឋាភិបាលអត់មានគម្រោងក្នុងការកាត់បន្ថយ ឬបង្កើនក្រសួង ស្ថាប័ននោះទេ ប៉ុន្ដែអ្វីដែលសំខាន់គឺយើងប្រកាន់ជំហរពង្រឹងជាជាងពង្រីក ពង្រឹងស្ថាប័ន ក្រសួងនីមួយៗ ដែលយើងធ្វើការវិភាគមុខងារ និងកែទម្រង់មកដល់ម៉ោងនេះ។ ក្នុងនោះយើងធ្វើអ្វី ទី១. ពង្រឹងរចនាសម្ព័ន្ធ ទី២. ពង្រឹងប្រព័ន្ធការងារ ទី៣. ពង្រឹងធនធានមនុស្ស។ ធ្វើម៉ិចដាក់អាហ្នឹងជាគោលដៅមុនសិន អ្វីដែលមានស្រាប់ កុំអាលបោះវាចោល កុំអាលបង្កើនអ្វីដែលវាមិនទាន់ដើរ ត្រូវមើលវាសិន។»
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានលើកឡើងថា អភិក្រមដែលរាជរដ្ឋាភិបាលកម្ពុជា ធ្វើការកែទម្រង់នៅក្នុងអាណត្ដិទី៧នេះ នៅចំពោះមុខយើងមិនសួរថាតើក្រសួងហ្នឹងច្រើន ឬតិច ដល់ម៉ោងនេះ មិនសួរថាច្រើន ឬតិចទេ ប៉ុន្ដែអ្វីដែលយើងបច្ចុប្បន្នតើក្រសួង ស្ថាប័នដែលមានស្រាប់នេះបានរៀបចំមានប្រសិទ្ធភាពឬនៅ។ សម្ដេចធិបតីបានបញ្ជាក់ផងដែរថា ចំពោះការពង្រីកក្រសួង ឬបង្រួមក្រសួងគឺជាកត្ដានយោបាយ ទិសដៅនយោបាយ ខណៈប្រទេសខ្លះត្រូវការបង្រួម ដើម្បីបង្ហាញឆន្ទៈនយោបាយថា ការកំណែទម្រង់កាន់តែល្អ។ ប្រទេសខ្លះទៀត ត្រូវតែពង្រីកក្រសួង ដោយសារតែប្រទេសមានបក្សនយោបាយច្រើនជាដើម ប៉ុន្ដែក៏នៅមានហេតុផលបច្ចេកទេស ដោយបង្រួញខ្លី កាត់បន្ថយការជាន់គ្នា កាត់បន្ថយនីតិវិធី ជួយសន្សំប្រាក់ និងជួយសន្សំមន្រ្ដី។ ចំណែកការពង្រីក ក៏ជួយបង្កើននូវជំនាញ និងអាទិភាពសំខាន់មួយចំនួនទៀត។

ជាមួយគ្នានេះដែរ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានលើកឡើងនូវហេតុផលមួយចំនួនទាក់ទងនឹងការកាត់បន្ថយក្រសួង និងការពង្រីកក្រសួង ដោយបានបញ្ជាក់បន្ថែមថា ការកាត់បន្ថយក្រសួង វាមានផលប្រយោជន៍ដោយ ទី១. កាត់បន្ថយការជាន់ភារកិច្ចរវាងក្រសួង និងក្រសួង ដើម្បីកុំឱ្យជាន់ការងារគ្នា ទី២. បញ្ចូលក្រសួងដែលមានវិស័យប្រហាក់ប្រហែលគ្នាឱ្យមកនៅក្រោមកញ្ចប់គ្រប់គ្រងតែមួយ ដើម្បីកាត់បន្ថយពេលវេលា កាត់បន្ថយនីតិវិធី ឬការិយាធិបតេយ្យ និងដោះស្រាយបញ្ហាបានលឿន ដោយមិនបាច់ឆ្លងពីក្រសួងមួយ ទៅក្រសួងមួយទៀត ហើយក៏កាត់បន្ថយការចំណាយថវិកាលើប្រព័ន្ធរដ្ឋបាល និងកាត់បន្ថយចំនួនមន្រ្ដី។
ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងផងដែរថា រាជរដ្ឋាភិបាល បានធ្វើការពិនិត្យលើរចនាសម្ព័ន្ធ ពង្រីក បង្រួមកន្លងទៅ តាមក្រសួង ស្ថាប័ន ហើយពង្រឹងបន្ថែម ដើម្បីឱ្យដើរទាន់សភាពការណ៍។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «មានក្រសួង ស្ថាប័ន ប៉ុណ្ណឹងហើយ មន្រ្ដីដែលយើងមានគ្រប់ក្រសួង ស្ថាប័ន ចាប់តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ តើការបែងចែកត្រូវ បំពាក់ជំនាញត្រូវអត់ តើក្រសួង ស្ថាប័ន នីមួយៗវាជាន់ការងារគ្នាយ៉ាងម៉ិច ត្រូវវិភាគនិងញែកឱ្យដាច់។ តើនាយកដ្ឋានមួយៗ អគ្គនាយកដ្ឋានមួយៗក្នុងក្រសួង ត្រូវការជំនាញ ឬត្រូវកែសម្រួល កាត់បន្ថយយ៉ាងម៉ិច ត្រូវធ្វើអាហ្នឹង»៕
ដោយ៖ រិទ្ធី





